រដ្ឋាភិបាលទទួលស្គាល់ប្រព័ន្ធជាតិវាយតម្លៃការសិក្សាពីមុនពីចម្ងាយជាផ្លូវការហើយ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធជាតិវាយតម្លៃទទួលស្គាល់ការសិក្សាពីមុនពីចម្ងាយ សម្រាប់ការវាយតម្លៃផ្អែកលើសមត្ថភាព និងផ្តល់គុណវុឌ្ឍិជាតិកម្ពុជា (National E-RPL Platform) ដើម្បីបង្កភាពងាយស្រួល ទៅលើប្រព័ន្ធដែលមានស្រាប់ តាមរយៈការពង្រីកដំណើរការវាយតម្លៃ ឱ្យកាន់តែកៀកទៅនឹងកម្មករ និងពលករដែលមានជំនាញ។

រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកឡៅ ហ៊ីមបានមានប្រសាសន៍ក្នុងកម្មវិធីមួយនាព្រឹកថ្ងៃទី២៦ មិថុនានេះថា គោលបំណងនៃការបង្កើតប្រព័ន្ធជាតិវាយតម្លៃនេះ ដើម្បីជួយដល់សិស្សានុសិស្ស និស្សិត កម្មករ និងពលករដែលទទួលបានជំនាញពីការអប់រំបណ្តុះបណ្តាលក្រៅប្រព័ន្ធ និងមិនផ្លូវការ អាចមានឱកាសមកទទួល បានការវាយតម្លៃសមត្ថភាពផ្ទាល់ខ្លួន ដើម្បីទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិជាតិ ឬវិញ្ញាបនបត្រសមត្ថភាព ឬលិខិតបញ្ជាក់សមត្ថភាព ដែលអាចយកទៅប្រើប្រាស់ ក្នុងការស្វែងរកការងារ បង្កើនប្រាក់បៀវត្ស និងជាពិសេសអាចបន្តការអប់រំបណ្តុះបណ្តាលកម្រិតខ្ពស់បន្តបន្ទាប់ នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ ឯកជន សមាគម-អង្គការមិនមែនរដ្ឋាភិបាល។ លោកបនុ្តថា “នេះជាការចូលរួមចំណែក ក្នុងដំណើរការសិក្សាពេញមួយជីវិត សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ប្រព័ន្ធថ្មីនេះ ក៏អាចផ្តល់ដំណឹងអំពីការជ្រើសរើសបេក្ខជនប្រឡង ឬបេក្ខជនអាចចុះឈ្មោះស្នើសុំប្រឡងដោយខ្លួនឯង ព្រមទាំងអាចវាយតម្លៃសមត្ថភាពផ្ទាល់ខ្លួន (ស្វ័យវាយតម្លៃ) ជាមុន ធៀបនឹងតម្រូវការសមត្ថភាពក្នុងស្តង់ដាជាតិសមត្ថភាព ដើម្បីបញ្ជាក់ថា ខ្លួនពិតជាមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការវាយតម្លៃនេះ”។

លោករដ្ឋលេខាធិការបានឲ្យដឹងថា គិតក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ក្រសួងការងារ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធជាតិធំៗចំនួន២ តាមបែបឌីជីថលទី១ ប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបចេ្ចសទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ និងទី២ ប្រព័ន្ធជាតិវាយតម្លៃ ទទួលស្គាល់ការសិក្សាពីមុនពីចម្ងាយ សម្រាប់ការវាយតម្លៃផ្អែកលើសមត្ថភាព និងផ្តល់គុណវឌ្ឍិជាតិកម្ពុជានាពេលនេះ។

ជាមទួយគ្នានេះ លោកស្រីGWYNETH WONG នាយិកាប្រចាំប្រទេស អង្គការភ្លែនអន្តរជាតិកម្ពុជាបានចាត់ទុកប្រព័ន្ធនេះ ពិតជាមានសារៈសំខាន់ ហើយនឹងជួយដល់សិស្សានុសិស្ស និស្សិត កម្មករ និងពលករដែលទទួលបានជំនាញ ពីការអប់រំបណ្តុះបណ្តាលក្រៅប្រព័ន្ធ និងមិនផ្លូវការ អាចមានឱកាសមកទទួលការវាយតម្លៃសមត្ថភាពផ្ទាល់ខ្លួន ដើម្បីទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិជាតិ ឬវិញ្ញាប​ន​បត្រសមត្ថភាព ឬលិខិតបញ្ជាក់សមត្ថភាព ដែលអាចយកទៅប្រើប្រាស់ក្នុងការស្វែងរកការងារ។

ប្រព័ន្ធជាតិវាយតម្លៃទទួលស្គាល់ ការសិក្សាពីចម្ងាយនេះ មានតួអង្គសំខាន់ៗចំនួន៣ រួមមាន ១.ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២.មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព និង៣.បេក្ខជន ឬអ្នកធ្វើតេស្ត (យុវជន កម្មករនិយោជិត។ល។ ក្នុងនោះ តួអង្គនីមួយៗមានភារកិច្ច ដូចជា៖
-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានភារកិច្ចគ្រប់គ្រង ថែទាំ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធជាតិទាំងមូល។ រៀបចំរបាយការណ៍រួម ត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើការអនុវត្តការងាររបស់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព។
-មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព មានភារកិច្ចរៀបចំកម្រងសំណួរ ចម្លើយ, រៀបចំធ្វើតេស្តផ្នែកទ្រឹស្តី, គ្រប់គ្រងបេក្ខជន, ប្រកាសលទ្ធផល, ណែនាំនិងរៀបចំធ្វើតេស្តអនុវត្តន៍ជាក់ស្តែង ដល់បេក្ខជន និងផ្សព្វផ្សាយព័ត៌មានផ្សេងៗ។
-បេក្ខជន ឬអ្នកធ្វើតេស្ត ត្រូវធ្វើការចុះឈ្មោះ និងធ្វើតេស្តសមត្ថភាពទ្រឹស្តីក្នុងប្រព័ន្ធ រួចបន្តធ្វើតេស្តសមត្ថភាពអនុវត្តន៍ នៅតាមមជ្ឈ​មណ្ឌលវាយតម្លៃសមត្ថភាព៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here