ដោយៈ គង់ សូរិយា
កំពង់ឆ្នាំងៈ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល គ្រប់គ្រងប្រតិបត្តិការដឹកជញ្ជូនទំនិញចូលកំពង់ផែ ផ្តល់ឱ្យនូវតម្លាភាព ក្នុងការធ្វើអាជីវកម្មរបស់វិស័យឯកជន លើកស្ទួយសេដ្ឋកិច្ច និងធានាការគ្រប់គ្រងចំណូលជូនជាតិបានកាន់តែប្រសើរ ព្រមទាំងកាត់បន្ថយការដឹកជញ្ជូនលើសកម្រិតកំណត់យ៉ាងមានប្រសិទ្ធភាព។
នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំងកាលពីថ្ងៃទី២៦ មិថុនាកន្លងមកនេះ។បច្ចុប្បន្ននេះ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង បានត្រៀមខ្លួនរួចរាល់ សម្រាប់បើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការ នាពេលឆាប់ខាងមុខ។ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះ បានរៀបចំបំពាក់នូវឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធកត់ត្រារថយន្តដឹកជញ្ជូនដោយស្វ័យប្រវត្តិ Smart Truck Monitoring System (STM) ដែលមានលក្ខណៈងាយស្រួល សម្រាប់គ្របគ្រង តាមដាន និងត្រួតពិនិត្យរបាយការណ៍។
ប្រព័ន្ធនេះត្រូវបានដឹកនាំរៀបចំដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូនដែលអាចកត់ត្រាព័ត៌មាន ចូល ចេញបរិវេណកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង។ប្រព័ន្ធនេះមានសមត្ថភាព កត់ត្រា និងគណនាទម្ងន់ទំនិញ និងចេញវិក្កយបត្រដឹកជញ្ជូន QR Code បានភ្លាមៗ ព្រមទាំងផ្តល់ជូនរបាយការណ៍យ៉ាងសុក្រិត្យ ព្រមទាំងអាចចែករំលែកទិន្នន័យ ជូនក្រសួងស្ថាប័ន្ធពាក់ព័ន្ធ តាមរយៈប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងក្នុងឱកាសចុះបំពេញបេសកកម្មការងារ នាឱកាសនោះលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានមានប្រសាសន៍ថា ទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងប្រតិបត្តិការដឹកជញ្ជូនទំនិញចូលកំពង់ផែមួយនេះបាន និងកំពុងនាំមកនូវប្រសិទ្ធភាពការងារ កាត់បន្ថយការដឹកជញ្ជូន លើសទម្ងន់កម្រិតដោយច្បាប់ ជាពិសេសផ្តល់ឱ្យនូវតម្លាភាព ក្នុងការធ្វើអាជីវកម្មរបស់វិស័យឯកជន លើកស្ទួយសេដ្ឋកិច្ច និងធានាការគ្រប់គ្រងចំណូលជូនជាតិបានកាន់តែប្រសើរ។
លោកបន្តថា ការរៀបចំឱ្យបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះឡើង គឺក្នុងបំណងជំរុញការដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមរយៈផ្លូវទឹក ដោយកាត់បន្ថយការចំណាយពេលវេលា និងសោហ៊ុយក្នុងការដឹកជញ្ជូន ជាពិសេសគឺកាត់បន្ថយការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយរងការខូចខាត។
ម្យ៉ាងវិញទៀតការសាងសង់កំពង់ផែ និងមណ្ឌលភស្តុភារកម្មនេះ ក៏បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង និងតំបន់ជុំវិញទៀតផង៕