ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាសេនាធិការបានអនុម័ត គំរោងវិនិយោគលើរោងចក្រ សហគ្រាសចំនួន៩ ដែលមានទីតាំងនៅខេត្តកំពង់ស្ពឺ តាកែវ ខេត្តស្វាយរៀង កណ្តាល និងរាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព៌តមានរបស់CDC បានបង្ហាញថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម
-->
ទី១ ក្រុមហ៊ុន“ KITCHEN BRIGHTS (CAMBODIA) INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈផ្ទះបាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្លាស្អិត ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។

ទី២ ក្រុមហ៊ុន-“FRESH SOURCE INTERNATIONAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគចំនួន ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៤៦៥កន្លែង។

ទី៣ ក្រុមហ៊ុន“YANGJIE OUTDOOR MANUFACTURING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគចំនួន៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១.៥៣១កន្លែង។

ទី៤ ក្រុមហ៊ុន “X J X INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគចំនួន ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៨៥កន្លែង។

ទី៥-ក្រុមហ៊ុន “CAMBODIAN XIN HUANG MING GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅសួនឧស្សាហកម្មកាណាស៊ីធី ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៤១កន្លែង។

ទី៦-ក្រុមហ៊ុន“L&G PACKAGING MATERIALS CO., LTD” គម្រោងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ពុម្ព (សម្លៀកបំពាក់-ស្បែកជើង-កាបូប) ក្រដាសម៉ាកឃឺ និងក្រដាសវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល កណ្តាល ក្នុងទុនវិនិយោគចំនួន៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៤៧កន្លែង។

ទី៧-ក្រុមហ៊ុន “OPTIMA GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគចំនួន៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.២២៦កន្លែង។

ទី៨ ក្រុមហ៊ុន- “LINGRICH BICYCLE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន ទោចក្រយានអគ្គិសនី គ្រឿងបង្គុំទោចក្រយាន និងគ្រឿងបន្លាស់ទោចក្រយានគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្រុងបាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគ ប្រមាណ៧,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦.២៥០កន្លែង។
ទី៩-ក្រុមហ៊ុន “LATIDO ELECTRICAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងអគ្គិសនី និងគ្រឿងបង្គុំបរិក្ខារអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៦៩០កន្លែង៕