ដោយៈ ហ្វីអូណា
ភ្នំពេញៈ កាលពីខែមីនា ឆ្នាំ២០២៣ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ESCAP) និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកលប្រចាំប្រទេសកម្ពុជា (GGGI) សហការជាមួយសាជីវកម្មធានាឥណទានវិនិយោគ (CGIF) និងក្រុមហ៊ុនGuarantCo ដែលជាផ្នែកមួយ នៃក្រុមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន បានដាក់ឱ្យដំណើរការ គម្រោងជំរុញការបោះផ្សាយ សញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា។
ESCAP និងដៃគូសហការ មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសថា ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណឯកជនចំនួន៣ ត្រូវបានជ្រើសរើស ហើយនឹងត្រូវបានផ្តល់ការគាំទ្រ ក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតង និងនិរន្តរភាពក្នុងឆ្នាំ២០២៣។
ក្រុមហ៊ុនដែលត្រូវបានជ្រើសរើសទាំងនោះរួមមានដូចជា
ទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួល ប្រាក់បញ្ញើរនៅកម្ពុជា គ្រោងនឹងបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព ក្នុងទំហំទឹកប្រាក់៥០លាន ដុល្លារអាមេរិក។
២. ក្រុមហ៊ុនហ្គោលដេន ទ្រី ជាក្រុមហ៊ុនអចលនទ្រព្យ ដែលនឹងត្រូវទទួលបានការគាំទ្រ ក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតង ជាលើកទីពីរ ក្នុងទំហំទឹកប្រាក់ ២៥លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍសំណង់បៃតង។
៣. ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Royal Group Phnom Penh SEZ) ជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ ជាសាធារណៈដែលគ្រប់គ្រង តំបន់ សេដ្ឋកិច្ចពិសេសភ្នំពេញ នឹងទទួលបានការគាំទ្រ ក្នុងការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព ក្នុងទំហំទឹកប្រាក់២០លានដុល្លារ។
ដោយសារតែក្រុមហ៊ុនបោះផ្សាយ សញ្ញាបណ្ណក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ ជាទូទៅប្រឈមមុខនឹងឧបសគ្គយ៉ាងច្រើន ក្នុងការបោះផ្សាយសញ្ញាបណ្ណ Thematic (សញ្ញាបណ្ណបៃតង សង្គម និងនិរន្តរភាព) ដោយសារតែកត្តាការយល់ដឹង និងសមត្ថភាពនៅមានកម្រិតរបស់ក្រុមហ៊ុន ក៏ដូចជាការចំណាយ នៃការបោះផ្សាយកាន់តែខ្ពស់។
CGIF, ESCAP, GGGI និង GuarantCo នឹងរួមគ្នាផ្តល់ជំនួយបច្ចេកទេស និងការគាំទ្រដល់ក្រុមហ៊ុន ត្រៀមបោះផ្សាយនាពេលអនាគត ដូចជា ការគាំទ្រក្នុងការអភិវឌ្ឍក្របខណ្ឌសញ្ញាបណ្ណ ការបំពេញតាមឧត្តមានុវត្តន៍ ការសម្របសម្រួលការរាយការណ៍ក្រោយបោះផ្សាយ និងផ្តល់ជម្រើសសហហិរញ្ញប្បទាន ដើម្បីកាត់បន្ថយថ្លៃដើមនៃការបោះផ្សាយសញ្ញាបណ្ណ និងការគាំទ្រលើការវិនិយោគ។
សរុបមក កម្មវិធីនេះផ្តល់ឱ្យក្រុមហ៊ុនបោះផ្សាយ ដែលត្រូវបានជ្រើសរើសនូវជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដែលត្រូវការការគាំទ្រ ដល់ការបោះផ្សាយសញ្ញាបណ្ណបៃតង និងនិរន្តរភាព ដើម្បីចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា និងផ្សារភាគហ៊ុនផ្សេងទៀត ដែលសមស្រប។
លើសពីនេះទៅទៀត ក្រុមហ៊ុនដែលត្រូវបានជ្រើសរើសទាំង ៣ ខាងលើ នឹងទទួលបាននូវការគាំទ្រ សម្រាប់ការត្រៀមបោះផ្សាយ ដើម្បីអាចឈានដល់ការបោះផ្សាយ និងចុះបញ្ជីលក់សញ្ញាបណ្ណ។
លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃ ESCAP បានថ្លែងថា “ការដាក់ឱ្យដំណើរការ នូវកម្មវិធីជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា គឺជាសមិទ្ធផលសំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ក្នុងការលើកកម្ពស់ហិរញ្ញវត្ថុបៃតង និងនិរន្តរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។ លោកស្រីបន្តថា “តាមរយៈការដោះស្រាយនូវបញ្ហាប្រឈម ដែលក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណជួបប្រទះនៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ និងការពង្រឹងនូវចំណេះដឹង និងសមត្ថភាពរបស់ក្រុមហ៊ុន យើងមានគោលបំណង ដើម្បីពង្រីកសក្តានុពលសញ្ញាបណ្ណ Thematic ដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរទៅកាន់អនាគតប្រកបដោយនិរន្តរភាព និងភាពធន់ជាងមុន”។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការបន្ស៊ាំ និងការកាត់បន្ថយ ការប្រែប្រួលអាកាសធាតុជា អាទិភាពចំបងមួយ ក្នុងយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិរបស់ខ្លួន។ ដើម្បីអាចសម្រេចបាននូវគោលដៅនេះ គឺត្រូវការនូវមូលនិធិដ៏ច្រើន។
នៅក្នុងការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុ (NDC) ចុងក្រោយបង្អស់របស់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ផែនការកាត់បន្ថយការបន្ស៊ាំ និងការប្រែប្រួលអាកាសធាតុរបស់ខ្លួន នឹងត្រូវការថវិកាសរុបប្រមាណ៧,៨ ប៊ីលានដុល្លារអាមេរិក។
សញ្ញាបណ្ណ Thematic មានសក្តានុពល ក្នុងការបំពេញនូវគម្លាតហិរញ្ញប្បទាននេះ ដោយការកៀរគរការវិនិយោគ សម្រាប់វិស័យសាធារណៈ និងឯកជនសម្រាប់គំនិតផ្តួចផ្តើមបៃតង និងនិរន្តរភាព។
លោក បណ្ឌិត Frank Rijsberman អគ្គនាយក GGGI បានលើកឡើងថា “កម្មវិធីជំរុញការបោះ-ផ្សាយសញ្ញាបណ្ណ និរន្តរភាពនៅកម្ពុជាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ”។
លោកបន្ថែមថា យើងមានសេចក្តីរំភើបរីករាយ ក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ ដែលត្រូវបានជ្រើសរើសទាំងបីគឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ហ្គោលដេន ទ្រី និង PPSP ដែលនេះ ជាការបង្ហាញពីភាពជាអ្នកដឹកនាំរបស់កម្ពុជា លើការរីកលូតលាស់ទីផ្សារសញ្ញាបណ្ណ Thematic។ ទំហំសញ្ញាបណ្ណនិរន្តរភាព របស់ក្រុមហ៊ុនបោះផ្សាយសក្តានុពលទាំងបី សរុបប្រមាណ៩៥លានដុល្លារអាមេរិក ដែលស្មើនឹងជិត ៥០% នៃសញ្ញាបណ្ណធម្មតា ដែលបានចុះបញ្ជីក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។GGGI នៅតែប្តេជ្ញាចិត្តគាំទ្រ ដល់ក្រុមហ៊ុនបោះផ្សាយក្នុងវិស័យឯកជន ក្នុងការកំណត់គម្រោងបៃតង ការអភិវឌ្ឍក្របខណ្ឌសញ្ញាបណ្ណប្រកបដោយនិរន្តរភាព និងការផ្តល់ឱកាសនូវការពង្រឹងឥណទានដើម្បីជំរុញហិរញ្ញប្បទាន ប្រកបដោយនិរន្តរភាពនៅកម្ពុជា”។
លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃន .ម.ក. បានលើកឡើងថា “ន.ម.ក. ជាមួយនឹងដៃគូអភិវឌ្ឍន៍ ESCAP និង GGGI មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសពីការជ្រើសរើស ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ សម្រាប់វិស័យឯកជន ដើម្បីទទួលបាននូវការគាំទ្រ ក្រោមក្រប-ខណ្ឌការជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា។
លោកបញ្ជាក់ថា “នេះគឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការរីកចម្រើននៃទីផ្សារមូលធនរបស់កម្ពុជា និងការសម្រេចបាននូវគោលដៅរបស់យើង ក្នុងការលើកទឹកចិត្ត ឱ្យមានការប្រើប្រាស់នូវសញ្ញាបណ្ណបៃតង និរន្តរភាព និងផ្សារភ្ជាប់និរន្តរភាព ដើម្បីជួយដល់កំណើនវិស័យឯកជន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា”។ពួកយើងនឹងផ្តល់ការគាំទ្រ ការចុះបញ្ជីសញ្ញាបណ្ណបៃតង និងនិរន្តរភាពថ្មីទាំងបី នៅក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ២០២៣៕