ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រធានក្រុមហ៊ុន Charoen Pokphand Group លោក Dhanin Chearavanont បានលើកឡើងថា អ្នកជំនួញ និងអ្នកវិនិយោគមកពីប្រទេសចិន មិនគួរខកខានឱកាសក្នុងការវិនិយោគនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត នៃប្រទេសថៃ។
តំបន់នេះ ត្រូវបានរដ្ឋាភិបាលកំណត់ថា នឹងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់របស់ប្រទេសថៃ។ លោក Dhanin បានធ្វើការអំពាវនាវបែបនេះ ក្នុងអំឡុងសុន្ទរកថា នៅឯអនុសញ្ញាសហគ្រិនចិនពិភពលោក លើកទី១៦ ដែលរៀបចំឡើង ចិននៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit ដែលលោកធ្វើជាប្រធានកិត្តិយស កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
យោងតាមកាសែត Bangkok Post បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ នឹងបញ្ចប់កាលពីថ្ងៃចន្ទ ដោយមានការចូលរួមពីសហគ្រិនជាង៣.០០០នាក់ ដែលមានដើមកំណើតចិនមកពីជាង៥០ប្រទេស។
លោក Dhanin បានមានប្រសាសន៍ថា ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកកាន់តែខ្លាំងក្លា ប្រទេសទាំងអស់ ត្រូវតែបង្វែរការយកចិត្តទុកដាក់ ឆ្ពោះទៅរកការកែលម្អវិស័យបច្ចេកវិទ្យា និងសេវាកម្មរបស់ពួកគេ។
លោកបានមានប្រសាសន៍បន្តថា “ជនជាតិជប៉ុនបានចំណាយប្រាក់ចូលក្នុងប្រទេសនេះ ដើម្បីកសាងសមត្ថភាពរបស់ប្រទេសថៃទៅជាមជ្ឈមណ្ឌលផលិតកម្ម”។ លោកបានបន្ថែមថា “ប្រទេសចិន ដែលជាប្រភពវិនិយោគផ្ទាល់ ពីបរទេសធំជាងគេទីពីរ របស់ពិភពលោក អាចដើរតួនាទីក្នុងទិសដៅអនាគតរបស់ប្រទេសថៃ”។
លោកបានបញ្ជាក់ថា ច្រករបៀង EEC ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរបស់ប្រទេសថៃ តាមរយៈការទាក់ទាញបច្ចេកវិទ្យា និងនវានុវត្តន៍ កម្រិតខ្ពស់បន្ថែមទៀតទៅកាន់តំបន់នេះ។
លោកបញ្ជាក់ថា “ដូច្នេះខ្ញុំសូមប្រើឱកាសនេះ ដើម្បីអញ្ជើញសហគ្រិនចិន ធ្វើដំណើរទៅប្រទេសថៃ ដើម្បីវិនិយោគក្នុងគម្រោង EEC”។ លោកDhanin ផ្ទាល់យល់ឃើញថា ថាមពលនុយក្លេអ៊ែរជាជម្រើសដ៏មានប្រសិទ្ធភាព សម្រាប់ការផលិតអគ្គិសនី ក្នុងប្រទេសថៃ។
លោកបានអះអាងថា បណ្តាប្រទេសជាច្រើន រួមទាំងប្រទេសចិនផងដែរ មិនប្រឆាំងនឹងថាមពលនុយក្លេអ៊ែរ ដែលមានតម្លៃវិនិយោគទាបនោះទេ។ លោកបានបន្ថែមថា រោងចក្រវារីអគ្គិសនី និងទួរប៊ីនខ្យល់ នឹងក្លាយជាប្រភពថាមពលស្អាត ដ៏សំខាន់នាពេលអនាគត៕






