ភ្នំពេញ៖ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុងកៅស៊ូ ប្រវែង ៤០០០ម៉ែត្រ ទទឹងលំហផ្លូវ ៥០ម៉ែត្រ និងបុកគ្រឹះស្ថាបនាស្ពានបេតុងអាម៉េរចំនួន ២ទីតាំង តាមបណ្តោយមហាវិថី ឈុន គង់ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយក ក្រុមហ៊ុន អាយអិនជី ហូលឌីង និងលោកជំទាវ ហេងសុខា ព្រមទាំងរដ្ឋបាលខណ្ឌ កងកម្លាំង មន្រ្តីរាជការ សមាគមយុវជន និងប្រជាពលរដ្ឋ សរុបប្រមាណ ៣,៤០០នាក់។
ផ្លូវមួយខ្សែនេះគឺជាផ្លូវមេទី៣ ក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុង ING City នៅក្នុងចំណោម បណ្តាញផ្លូវសរុបចំនួន ៦១ខ្សែ គឺបន្ទាប់ពីផ្លូវមេទី១ គឺមហាវិថីសម្តេច ហ៊ុន សែន និងផ្លូវមេទី២ គឺមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង។ ផ្លូវ១ខ្សែនេះ ត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា មហាវិថី “ឈុន គង់” ។ មហាវិថី ឈុន គង់ ជាមហាវិថីមួយខ្សែស្ថិតនៅចំកណ្ដាលទទឹងនៃតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City តភ្ជាប់ពីផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ឆ្ពោះទៅកាន់ផ្លូវជើងឯក(ផ្លូវលេខ២១៧) មានប្រវែង ៤.០០០ម៉ែត្រ គិតត្រឹមព្រំប្រទល់នៃតំបន់អភិវឌ្ឍន៍ និងមានលំហផ្លូវប្រវែង៥០ម៉ែត្រ ក្នុងនោះទំហំ៣០ម៉ែត្រជាតួផ្លូវសម្រាប់យានជំនិះ និងចិញ្ចើមផ្លូវទំហំ ១០ម៉ែត្រសងខាង។ មហាវិថីមួយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ជួយដោះស្រាយភាពកកស្ទះចរាចរណ៍ សំរួលដល់ការដឹកជញ្ជូនទំនិញ ពិសេសជួយឲ្យប្រជាពលរដ្ឋចំណេញពេលវេលា និងថវិកាជាច្រើន។ល។ គួរបញ្ជាក់ថា ផ្សារទំនើប អ៊ីអនមានជ័យ (AEON) ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីសម្តេច ហ៊ុន សែននិង មហាវិថី ឈុន គង់។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) លើសមិទ្ធផលទាំងអស់ដែលសម្រេចបាន ជាពិសេសសមិទ្ធផលនៅក្នុងវិស័យផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលកើតជារូបរាងទ្បើងក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបតំបន់បឹងទំពន់-ជើងឯក ដោយធានាបាននូវលក្ខណៈគ្រប់ជ្រុងជ្រោយទៅតាមរបៀប និងក្បួនខ្នាតនៃការរៀបចំទីក្រុងមានស្តង់ដារទំនើប និងការរួមបញ្ចូលនូវចលនានៃទីក្រុងបៃតង និងលក្ខណៈនៃទីក្រុងវៃឆ្លាត (Smart City) ស្របតាមនិន្នាការនៃការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរផ្នែកសកម្មភាពសង្គម-សេដ្ឋកិច្ច និងការកើនឡើងនៃចំនួនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ការលេចចេញជារូបរាងនៃសមិទ្ធផលនីមួយៗ គឺទាមទារឱ្យមានចក្ខុវិស័យ និងការរួមសហការពីគ្រប់ផ្នែក-គ្រប់ជំនាញពាក់ព័ន្ធ ហើយកត្តាសុខសន្តិភាព បានបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាល មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ចេញនូវគោលនយោបាយអាទិភាពទាំង ៤ គឺ មនុស្ស ផ្លូវ ទឹក និងភ្លើង ។ ក្រោមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម», រាជរដ្ឋាភិបាល តែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករនៃជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ។









