ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយកដ្ឋានសមុទ្រថៃ គ្រោងនឹងស្នើឱ្យគណៈរដ្ឋមន្ត្រីថ្មីអនុម័តផែនការរបស់ខ្លួន ក្នុងការសាងសង់កំពង់ផែតម្លៃ៧,៤ពាន់លានបាត (ប្រហែល២០៧,៥៥លានដុល្លារ) នៅទីក្រុងប៉ាតាយ៉ា ដើម្បីអាចផ្ទុកនាវាទេសចរណ៍ខ្នាតធំចំនួនពីរ។
លោក Wanchai Butthongdi ប្រធានផ្នែកវិស្វកម្មនៃនាយកដ្ឋានបានមានប្រសាសន៍ថា ប្រសិនបើផែនការនេះ ត្រូវបានអនុម័ត ការសាងសង់នៅទីតាំង ដែលបានស្នើឡើងនៅជិតកំពង់ផែ Bali Hai នឹងចាប់ផ្តើមនៅឆ្នាំ២០២៦ និងបញ្ចប់នៅឆ្នាំ២០២៩។
លោកបន្តឱ្យដឹងទៀតថា នៅពេលការសាងសង់ ត្រូវបានបញ្ចប់ កំពង់ផែនេះ នឹងក្លាយជាកំពង់ផែដំបូងគេ នៅក្នុងប្រទេសថៃ ដែលត្រូវបានរចនាឡើង ជាពិសេសសម្រាប់បម្រើ ដល់កប៉ាល់ទេសចរណ៍ធំៗ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ន កប៉ាល់ទេសចរណ៍ចូលចតនៅកំពង់ផែបាងកក និងកំពង់ផែ Laem Chabang ដែលតាមពិតជាចំណតកុងតឺន័រ ដូច្នេះវាខ្វះភាពងាយស្រួល នៃចំណតនាវាកម្សាន្តត្រឹមត្រូវ។
លោកបានបន្តទៀតថា ដោយសារតម្រូវការទេសចរណ៍តាមនាវាកំពុងកើនឡើង នៅទូទាំងពិភពលោក។ ដូច្នេះតំបន់អាស៊ី និងប្រទេសថៃ បានក្លាយជាទិសដៅកំពូលនៃអ្នកធ្វើដំណើរតាមនាវា។
លោកបានមានប្រសាសន៍ថា “កំពង់ផែនេះ នឹងត្រូវសាងសង់ក្រោមគំរូភាពជាដៃគូសាធារណៈ និងឯកជន ដែលរដ្ឋាភិបាលនឹងទទួលខុសត្រូវ លើការសាងសង់កំពង់ផែ ក៏ដូចជាផែតូចមួយប្រវែង១គីឡូម៉ែត្រដែលកប៉ាល់ អាចចតបាន(one-kilometre jetty) ដើម្បីបម្រើនាវាទេសចរណ៍ចំនួនពីរក្នុងពេលតែមួយ។
វិស័យសាធារណៈនឹងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធនៅឆ្នេរសមុទ្រ និងលើគោក រួមមានកំពង់ផែ និងស្ថានីយ ស្ពានតភ្ជាប់ទៅកាន់កំពង់ផែ និងចំណតរថយន្ត ដែលមានតម្លៃសរុប៥,៥ពាន់លានបាត ហើយវិស័យឯកជន នឹងទទួលខុសត្រូវលើប្រតិបត្តិការ និងការថែរទាំ៕






