ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Michael Bayley នាយកប្រតិបត្តិក្រុមហ៊ុន Royal Caribbean International បានបញ្ជាក់ប្រាប់សារពត៌មាន CNN ថា កប៉ាល់ទេសចរណ៍ធំ ជាងគេបំផុតលើពិភពលោក Icon of the Seas នឹងចាប់ផ្តើមដំណើរកម្សាន្ត លើកដំបូងរបស់ខ្លួននៅខែមករា ឆ្នាំ២០២៤ខាងមុខ។
ជាមួយនឹងសមត្ថភាពទទួលភ្ញៀវ បានចំនួន៥.៦១០នាក់ និងនាវិកចំនួន២.៣៥០នាក់ កប៉ាល់នេះនឹងរៀបចំសួនទឹក ដ៏ធំបំផុតនៅសមុទ្រ អាងហែលទឹកចំនួនប្រាំពីរ និងតូងរអិលចូលទឹក(Water slides)បំបែកកំណត់ត្រាចំនួន៦ផងដែរ។
-->
កប៉ាល់ទេសចរណ៍ Icon of the Seas នឹងបំពេញតាមតម្រូវរបស់ក្រុមភ្ញៀវ ដែលធ្វើដំណើរជាមួយក្រុមគ្រួសារ ដោយលោក Bayley បានប្រកាសថា កប៉ាល់ទេសចរណ៍ Icon of the Seas នេះគឺជា ការបើកដំណើរការផលិតផលថ្មី ដែលដំណើរការល្អបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុន ។
នាវាទេសចរណ៍នេះ ត្រូវបានសាងសង់នៅឯកន្លែងផលិតកប៉ាល់ Meyer Turku ក្នុងទីក្រុង Turku ប្រទេសហ្វាំងឡង់ ហើយបានបញ្ចប់ការសាកល្បង លើកដំបូងនៅថ្ងៃទី២២ ខែមិថុនា ដោយមានកម្មករប្រហែល២.៦០០នាក់ បានចូលរួមក្នុងការសាងសង់នាវាខ្នាតយក្សនេះ។
នៅពេលដែលដំណើរការ កប៉ាល់នេះនឹងចាប់ផ្តើមដំណើរកម្សាន្តពេញមួយឆ្នាំ ដោយផ្តល់ជូននូវការធ្វើដំណើររយៈពេលប្រាំពីរថ្ងៃ ពីទីក្រុងម៉ៃអាមី សហរដ្ឋអាមេរិក ទៅកាន់តំបន់ការាបៀនខាងកើត និងខាងលិច និងត្រឡប់បកមកវិញ។ នេះបើយោងតាមការឱ្យដឹងពីសារព័ត៌មាន CNN ។
ចំណែក តម្លៃបន្ទប់ប្រែប្រួល អាស្រ័យលើកាលវិភាគ និងកាលបរិច្ឆេទធ្វើដំណើរ។ ការធ្វើដំណើរដែលមានតម្លៃខ្ពស់បំផុត គឺការជិះនាវាកម្សាន្តនៅតំបន់ការីបៀន ខាងលិចនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាមួយនឹងបន្ទប់ ដែលមានតម្លៃថោកបំផុតចាប់ពី១.៥៨១ដុល្លារ ក្នុងមនុស្សម្នាក់។
ការធ្វើដំណើរកម្សាន្តរយៈពេល៧យប់ ទៅកាន់តំបន់ការាបៀន ភាគខាងកើតនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ចាប់ផ្តើមពីតម្លៃ១.០០៧ដុល្លារក្នុងមនុស្សម្នាក់ ខណៈបន្ទប់ដ៏កាន់តែប្រណីតជាងនេះមានតម្លៃ២.៨៧៩ដុល្លារ៕