ដោយ: គង់ លាងហួរ
អន្តរជាតិ: បំណុលរបស់សហរដ្ឋអាមេរិក នឹងហក់ឡើងដល់កម្ពស់ថ្មីនៅចុងទស្សវត្សរ៍នេះ ទោះបីជាគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយឱនភាពសហព័ន្ធយ៉ាងណាក្តី។
ការិយាល័យថវិកាសភា បានព្យាករកាលពីថ្ងៃពុធថា បំណុលរបស់សហរដ្ឋអាមេរិក ដែលកាន់កាប់ដោយសាធារណៈ នឹងកើនឡើងដល់កម្រិតខ្ពស់បំផុត១០៧% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៩ ពោលគឺកើនឡើងពី៩៨% នៃ GDP នៅចុងឆ្នាំ២០២៣នេះ។
-->
ម្យ៉ាងវិញទៀត ចំនួនទឹកប្រាក់ដែលសហរដ្ឋអាមេរិក ជំពាក់នឹងកើនលើសពីទំហំសេដ្ឋកិច្ចរបស់ខ្លួន។ ការព្យាករនេះបានធ្វើឡើង ទោះបីជាមានកិច្ចព្រមព្រៀង ពិដានបំណុលទ្វេរភាគី ដែលអ្នកគាំទ្រសាទរថាជា កត្តាជួយកាត់បន្ថយឱនភាពដ៏សំខាន់មួយយ៉ាងណាក្តី។
ការិយាល័យថវិកាសភា (CBO) បានបញ្ជាក់ថា កញ្ចប់ដែលហៅថា ច្បាប់ទំនួលខុសត្រូវសារពើពន្ធឆ្នាំ២០២៣ ត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយឱនភាព សហព័ន្ធចំនួន១,៥ពាន់ពាន់លានដុល្លារ នៅក្នុងរយៈពេល១០ឆ្នាំខាងមុខ។
នៅឆ្នាំ២០២៩ បំណុលសាធារណៈ នឹងមានចំនួនសរុបប្រហែល៣៦ពាន់ពាន់លានដុល្លារ ឬ១០៤.៣០០ដុល្លារ ក្នុងមនុស្សម្នាក់ៗ។ នេះបើយោងតាមគណៈកម្មាធិការ សម្រាប់ថវិកាសហព័ន្ធ ដែលមានទំនួលខុសត្រូវ និងជាអង្គការគោលនយោបាយ សាធារណៈមិនរកប្រាក់ចំណេញ។
នៅក្នុងរយៈពេលវែងជាងនេះ បំណុលអាមេរិកត្រូវបានគេព្យាករណ៍ថា នឹងផ្ទុះឡើងបន្ថែមទៀត។ ជាក់ស្តែង បំណុលដែលកាន់កាប់ដោយសាធារណរបស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងកើនដល់១៨១% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០៥៣៕