ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ផ្តើមជីវិតពីនិស្សិតក្មេងវត្ត រហូតក្លាយជាសាស្រ្តាចារ្យ និងក្រោយមកក្លាយជាភ្នាក់ងារអចលនទ្រព្យ ហើយបានអភិវឌ្ឍន៍ខ្លួនក្លាយជាអ្នកអភិវឌ្ឍន៍ដ៏ធំ និងលេចធ្លោមួយរូប។
ជាមួយនឹងការរៀបចំផែនទីជីវិតបានយ៉ាងប្រសើរ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានក្លាយជាអ្នកអភិវឌ្ឍន៍ គំរោងលំនៅដ្ឋានចំនួនពីរ ក្នុងរយៈពេលត្រឹម៣ឆ្នាំចុងក្រោយនេះ ដោយលោកបានអភិវឌ្ឍន៍បុរីKS Residence នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងគំរោងបុរីវិមានសំណាង ដែលមានផ្ទៃដីទំហំ២៥ហិកតា។
គំរោងបុរីវិមានសំណាង បានផ្តោតលើផ្ទះអាជីវកម្ម និងវីឡាលំដាប់អភិជន ដែលបុរីនេះ មានទីតាំងនៅលើមហាវិថីឈ្នះ ឈ្នះ ខាងជើងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចម្ងាយ២៥០០ម៉ែត្រ។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្ហាញគំរោងអភិវឌ្ឍន៍ “ទីក្រុងសំណាង” ដែលមានខុនដូ ផ្ទះអាជីវកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលមានទំហំទុនវិនិយោគ៥០០លានដុល្លារអាមេរិក។
ទីបំផុត លោកឧកញ៉ាបានបង្ហាញគំរោងនេះ លើបណ្តាញទំនាក់ទំនងរបស់ខ្លួន បន្ទាប់ពីបានប្រកាសគំរោងនេះកាលពីឆ្នាំមុន។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លូនកាលពីថ្ងៃទី២ កក្កដាថា “ក្រោយប្រឡូកក្នុងវិស័យជំនួញអស់រយៈពេល២២ឆ្នាំ។ ទីបំផុត គីម ហ៊ាង អាចរកបានបុគ្គលិកពេញម៉ោងម្នាក់ ដែលអាចបង្កើតរូបភាព ទីក្រុងសំណាងបានគួរអោយពេញចិត្ត”។
លោកឧកញ៉ាធ្លាប់បានប្រាប់ស្ថាបនិក និងអគ្គនាយកគេហទំព័រPropertyarea.asia កាលពីពេលថ្មីៗនេះថា គំរោងទីក្រុងសំណាងនឹងលេចឡើងនាពេលខាងមុខ ប៉ុន្តែល្បឿនលឿនឬយឺតក្នុងការអភិវឌ្ឍគំរោងនេះ អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា៕






