លោកឧកញ៉ាតឹង ភីពីងៈខ្ញុំមានសុទិដ្ឋិនិយមពីអនាគតរបស់កម្ពុជា

0

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ លោកឧកញ៉ាតឹង ភីពីង ជាជនជាតិចិន សញ្ជាតិខ្មែរ និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនហេ្សងហេងគ្រុបបានសម្តែងសុទិដ្ឋិនិយមពីអនាគតនៃការអភិវឌ្ឍប្រទេសកម្ពុជា។

លោកបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយសារព៌តមានធំមួយកាលពីម្សិលម៉ិញនេះថា “ខ្ញុំបានមករស់នៅប្រទេសកម្ពុជាជាង២០ឆ្នាំមកហើយ ខ្ញុំមានមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅចំពោះប្រទេសនេះ”។ លោកបន្ថែមថា “ខ្ញុំមានសុទិដ្ឋិនិយមខ្លាំងណាស់ចំពោះការអភិវឌ្ឍន៍ នាពេលអនាគតរបស់កម្ពុជា”។

លោកបន្តឲ្យដឹងទៀតថា ចាប់តាំងពីក្រុមហ៊ុនហ្សេងហេងគ្រុប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ មកទល់បច្ចុប្បន្ន ការវិនិយោគរបស់ក្រុមហ៊ុន បានចូលរួមក្នុងឧស្សាហកម្មជាច្រើន។ ការសម្រេចចិត្តដែលលោកបានធ្វើទាំងនេះ គឺផ្អែកទៅលើការជឿជាក់ដ៏ពេញលេញរបស់លោក ចំពោះឱកាសអភិវឌ្ឍន៍ឧស្សាហកម្ម នាពេលអនាគតរបស់កម្ពុជា។

មួយវិញទៀត គឺលក្ខខណ្ឌអាកាសធាតុ និងកង្វះខាតនៃផលិត​កម្មរបស់កម្ពុជាបាននាំមកនូវ ឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍន៍។លើសពីនេះទៀត ការប្រើប្រាស់វិធីសាស្រ្តគ្រប់គ្រង បែបវិទ្យាសាស្ត្រ ទំនើប និងបច្ចេកទេសដាំដុះ នឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ធំដល់ឧស្សាហកម្មកសិកម្មរបស់កម្ពុជា។

លោកឧកញ៉ាតឹង ភីពីងបានបន្តថា ប្រទេសកម្ពុជាសម្បូរទៅដោយធនធានទេសចរណ៍ ជាមួយនឹងការបញ្ចប់នៃការរីករាលដាលនៃជំងឺកូវីដ- ១៩ និងការបើកឡើងវិញ នៃទេសចរណ៍ពិភពលោក នឹងនាំមកនូវអត្ថប្រយោជន៍ លើសពីការរំពឹងទុកថ្មីមួយទៀត សម្រាប់អ្នកវិនិយោគលើវិស័យអចលនទ្រព្យទេសចរណ៍

ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនហ្សេងហេងគ្រុប បានចូលរួមវិនិយោគក្នុងវិស័យ អចលនទ្រព្យទេសចរណ៍ សណ្ឋាគារ ប្រព័​ន្ធផ្សព្វផ្សាយ ទូរគមនាគមន៍ ការវិនិយោគ ពាណិជ្ជកម្មអេឡិច ត្រូនិក ថាមពលបៃតង វប្បធម៌ និងឧស្សាហកម្មទេសចរណ៍។

លោកបញ្ជាក់ថា “យើងបានសម្រេចធ្វើការវិនិយោគ លើវិស័យ ទាំងនេះ គឺបន្ទាប់ពីបានធ្វើការសិក្សា ស្រាវជ្រាវយ៉ាងស៊ីជម្រៅ និងវាយតម្លៃយ៉ាងម៉ត់ចត់លើទីផ្សារកម្ពុជារួចមក”។ លោកបន្តថា “ការវិនិយោគលើវិស័យឧស្សាហកម្មរបស់កម្ពុជា គឺបានកំពុងឈានចូលដល់យុគសម័យថ្មីមួយនៃ ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាមួយនឹងការបើកដំណើរការនូវផ្លូវល្បឿនលឿនដំបូងគេ”

លោកឧកញ៉ាតឹង ភីពីងបានបន្តថា នាពេលបច្ចុប្បន្ន អ្វីដែលកម្ពុជាត្រូវកែលម្អជាបន្ទាន់ គឺការពង្រឹងការត្រួតពិនិត្យ ចំពោះក្រុមអ្នកអនុវត្តច្បាប់ បង្កើតច្បាប់និងបទប្បញ្ញត្តិ ប្រកបដោយប្រសិទ្ធភាព ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកវិនិយោគ ដោយកែលម្អបរិយាកាសធុរកិច្ចចាប់ពីរឹសគុល និងផ្តល់ឱ្យវិនិយោគិនសកល ជាមួ​យនឹងបរិយាកាសអាជីវកម្ម ប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។

ទាក់ទងកេរ្ត៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ លោកឧកញ៉ាតឹង ភីពីងបានបញ្ជាក់ថា តាមពិតទៅការផ្សព្វផ្សាយនៅខាងក្រៅ គឺជាពាក្យចចាមអារ៉ាមច្រើនជាង ស្ថានការណ៍នយោបាយនៅកម្ពុជា មានស្ថិរភាពណាស់។ នៅឆ្នាំ២០១៨ គណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងជាមួយគណបក្ស ប្រជាជនកម្ពុជាត្រូវបានរំសាយ ហើយសមា​ជិកគណបក្សសង្គ្រោះជាតិភាគច្រើន បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដូច្នេះសព្វថ្ងៃនេះស្ថានភាពរបស់កម្ពុជា មានសភាព សុខដុមរមនា។

លោកបន្តថា លើសពីនេះទៀត ក្រុមមេដឹកនាំវ័យក្មេងនឹងលេចមុខក្នុងជួររាជរដ្ឋាភិបាលថ្មី ហើយពួកគេមានការយល់ឃើញកាន់តែទូលំទូលាយ។

លោកបញ្ជាក់លើចំណុចនេះថា “ខ្ញុំជឿជាក់ថា រាជរដ្ឋាភិបាលថ្មីនឹងចាត់វិធានការកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីកែលម្អបរិយា​កាសវិនិយោគ និងបង្កើតបរិយាកាសសង្គម ឱ្យកាន់តែប្រសើរឡើង ព្រម ទាំងពង្រឹងការអនុវត្តច្បាប់ ចំពោះសកម្មភាព និងកម្លាំងណាដែលរារាំងដល់ការវិនិយោគពីបរទេស”។

លោកបន្តថា “សហគ្រាសនីមួយៗ នៃក្រុមហ៊ុនរបស់យើងមានបុគ្គលិកបរទេសជាច្រើនហើយការងារ និងជីវិតរស់នៅរបស់ពួកគេ នៅទីនេះមានសុខសុវត្ថិភាព និងស្ថិរភាពណាស់”។ លោកបន្តថា “ចំពោះផលប៉ះពាល់ លើការសម្រេចចិត្តរបស់អ្នកវិនិយោគិន មនុស្សម្នាក់ៗគឺមានការយល់ឃើញខុសៗគ្នា ហើយចំណុចគន្លឹះគឺអាស្រ័យលើការជ្រើសរើស និងថ្លឹងថ្លែងរបស់អ្នកវិនិយោគ រវាងឱកាសអភិវឌ្ឍន៍ទីផ្សារ និងបញ្ហាដែលមានចំពោះមុខ”

នៅពេលនិយាយពីធនធានមនុស្ស លោកឧកញ៉ាតឹង ភីពីងបានពន្យល់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាខ្វះការបណ្តុះបណ្តាលជំនាញការងារ សម្រាប់ប្រជាជនដែលមានជីវភាពកម្រិតទាប នៅក្នុងវិស័យនេះ កម្លាំងជំរុញរបស់កម្ពុជាច្បាស់ណាស់ថា នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ដូច្នេះគុណភាពការងារក្នុងស្រុក ចាំបាច់ត្រូវកែលម្អបន្ថែមទៀត។ តម្លៃពលកម្មក្នុងវិស័យខ្លះមិនខ្ពស់នោះទេ ប៉ុន្តែនៅក្នុងមុខតំណែងខ្លះ ដែលទាមទារចំណេះដឹងខ្ពស់ កម្រិតប្រាក់ខែក៏កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here