ដោយៈ តែម សុខុម
បាងកក: យោងតាមផែនការពង្រីកខ្លួន យ៉ាងគំហុកជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនខ្សែសង្វាក់ សណ្ឋាគារអន្តរជាតិដ៏ល្បីល្បាញ Radisson Hotel Group បង្ហាញថា ក្រុមហ៊ុនខ្នាតយក្សមួយនេះគ្រោងបើកសណ្ឋាគារថ្មីៗចន្លោះពី១២ ទៅ១៥ទីតាំង ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា។
គម្រោងសណ្ឋាគារថ្មីៗទាំងនេះ ភាគច្រើនឬរហូតដល់ទៅ៧០ភាគរយ នៃផែនការពង្រីកខ្លួននេះ នឹងបើកនៅក្នុងប្រទេសថៃ ហើយសល់៣០% ទៀតគ្រោងបើកនៅក្នុងប្រទេសឡាវ វៀតណាម និងកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី០២ ខែកក្កដា។
លោក Elie Younes នាយករងប្រតិបត្តិក្រុមហ៊ុន Radisson Hotel Group និងជាប្រធានផ្នែកអភិវឌ្ឍន៍សកល នៃក្រុមហ៊ុនដែលមានការិយាល័យកណ្ដាល នៅសហរដ្ឋអាមេរិកនេះបានបញ្ជាក់ថា សណ្ឋាគារលំដាប់ព្រីមៀម និងប្រណីតជាច្រើនទៀត គ្រោងបើកនៅក្នុងប្រទេសថៃ ក្នុងរយៈពេល៥ឆ្នាំខាងមុខ។
ទីតាំងសំខាន់ៗក្នុងប្រទេសថៃ នៅតែជាគោលដៅទេសចរណ៍ពេញនិយមបំផុត រួមមាន ទីក្រុងបាងកក ភូកេត ឈៀងម៉ៃ និងកោះសាមុយ។
ទោះជាយ៉ាងណា លោក Elie Younes បញ្ជាក់ថា ក្រុមហ៊ុននេះក៏កំពុងពិចារណាផងដែរ នូវគោលដៅបន្ទាប់បន្សំ ក្នុងប្រទេសថៃ ដោយទំនងជាកោះមួយនៅភាគខាងត្បូង ដែលជាផ្នែកមួយនៃផែនការពង្រីករបស់ខ្លួន។
ក្រុមហ៊ុន Radisson Hotel Group មានសណ្ឋាគារច្រើនរហូតដល់ទៅជាង១.៧០០ទីតាំង ដែលកំពុងបើកដំណើរការ ឬស្ថិតក្នុងការអភិវឌ្ឍនៅជាង១២០ប្រទេស៕ The Nation៕






