ដោយៈ តែម សុខុម
បាងកក: ក្រុមហ៊ុនអាកាសយានដ្ឋានថៃ (AoT) នឹងបើកដំណើរការស្ថានីយអ្នកដំណើរSAT-1 ថ្មីនៅអាកាសយានដ្ឋានសុវណ្ណភូមិ នៅខែកញ្ញា ខាងមុខនេះ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី០២ ខែកក្កដា។
ប្រធានក្រុមហ៊ុនអាកាសយានដ្ឋានថៃ AoT លោក Kerati Kijmanawat លើកឡើងថា ស្ថានីយថ្មីនេះ នឹងមានសមត្ថភាពទទួលអ្នកដំណើរបាន១៥លាននាក់ បន្ថែមទៀតក្នុងមួយឆ្នាំៗ ដើម្បីបង្កើនសមត្ថភាពទទួលអ្នកដំណើរសរុប របស់អាកាសយានដ្ឋាននេះឱ្យឈានដល់៦០លាននាក់ក្នុងមួយឆ្នាំៗ។
ស្ថានីយអ្នកដំណើរ ដែលមានផ្ទៃដី២១៦.០០០ម៉ែត្រការ៉េនេះមានច្រកចេញចូលចំនួន២៨ និងមានកន្លែងលេងមួយ សម្រាប់កុមារ ហើយបច្ចុប្បន្ន កំពុងរង់ចាំការដំឡើងកៅអី ជាមួយនឹងរន្ធសាកថ្ម USB។
អាកាសយានដ្ឋានអះអាងថា ចំនួនអ្នកដំណើរដែលឆ្លងកាត់អាកាសយានដ្ឋាននេះ បានកើនឡើង២៣០,៨% ឈានដល់៣១,៦លាននាក់ ដោយក្នុងនោះអ្នកដំណើរ ក្នុងស្រុកមាន២៣,៤៦លាននាក់ ហើយភ្ញៀវអន្តរជាតិមាន៨,១៤លាននាក់ គិតចាប់ពីខែតុលា ឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អាកាសយានដ្ឋាននេះនិយាយថា គិតជាមធ្យមក្នុងមួយថ្ងៃៗមានអ្នកដំណើរឆ្លងកាត់ ចន្លោះពី១៤០.០០០នាក់ ទៅ១៥០.០០០នាក់៕ Bangkok Post៕






