ដោយៈ ហ្វីអូណា
ភ្នំពេញៈ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា រាជធានីភ្នំពេញបាន និងកំពុងបន្តអភិវឌ្ឍឥតឈប់ឈរ ស្របទៅតាមការរស់នៅ បែបស៊ីវិល័យរបស់ប្រជាពលរដ្ឋ។
ការអភិវឌ្ឍទាំងនោះមានដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សាងសង់ចំណតក្រោមដី សាងសង់ស្ពានអាកាស ការប្រមូលសំរាម សិក្សាផ្លូវថ្មើរជើងសម្រាប់អ្នកទេសចរជាដើម ។
-->
លោកឃួង ស្រេង បានបន្តថា បច្ចុប្បន្នរាជធានីភ្នំពេញ គឺជាទីក្រុង ដែលមានប្រជាពលរដ្ឋរស់នៅបែបស៊ីវិល័យ មានទៅដោយរថយន្តទំនើប នៅក្នុងទីក្រុង តែក៏ទាមទារឱ្យមានចំណត និងផ្សារទំនើប ដែលនេះ គឺជាលក្ខណៈទូទៅរបស់ទីក្រុងដែលកំពុងអភិវឌ្ឍន៍ ។ ប៉ុន្តែទីក្រុងនៅតែជួបបញ្ហាប្រឈម ក្នុងនោះរាជធានីភ្នំពេញ មិនខុសពីទីក្រុង នៅលើពិភពលោកនោះឡើយ ដែលជាទីក្រុងកំពុងអភិវឌ្ឍន៍ នឹងជួបបញ្ហាប្រឈមជាច្រើន ដែលត្រូវដោះស្រាយ ក្នុងនោះមានបញ្ហាការកកស្ទះសំរាម បញ្ហាជំនន់ទឹកភ្លៀង បញ្ហាកកស្ទះចរាចរណ៍ ហើយ អាជ្ញាធរពាក់ព័ន្ធគឺបាន និងកំពុងតែដោះស្រាយបញ្ហាទាំងអស់នេះជាបន្តបន្ទាប់ ដោយត្រូវការ កិច្ចសហការ ពីប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ។
លោកបន្តថា កាលពីមុន “រាជធានីភ្នំពេញគឺបង្កើតឡើង សម្រាប់ផ្ទុកមនុស្សប្រមាណជា៣០ម៉ឺននាក់ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះគឺមានចំនួនប្រជាពលរដ្ឋចេញ- ចូលប្រមាណជាង៣លាននាក់ក្នុងមួយថ្ងៃ ដោយមានរថយន្តប្រមាណជាង៨០ម៉ឺនគ្រឿង ម៉ូតូជាង២លានគ្រឿង ដែលនេះជាបញ្ហាចោទ ធ្វើឱ្យមានការកកស្ទះចរាចរណ៍”។
លោកឃួង ស្រេងបានបន្តថា បើទោះបីជាមានបញ្ហាប្រឈមច្រើនយ៉ាងណាក៏ដោយ ក៏អាជ្ញាធរពាក់ព័ន្ធ នៅតែខិតខំដោះស្រាយនិងស្វែងរកដៃគូសហការ ធ្វើយ៉ាងណាអភិវឌ្ឍរាជធានីភ្នំពេញ ឱ្យក្លាយទៅជា ទីក្រុងស៊ីវិល័យ ដូចទៅនឹងការរស់នៅរបស់ប្រជាជនស៊ីវិល័យដែរ។
លោកបន្តថា “ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ រស់នៅតាមបែបស៊ីវិល័យហើយ ដូច្នេះអ្នកបម្រើត្រូវតែស៊ីវិល័យ គឺត្រូវតែស៊ីវិល័យទើបអាចទៅរួច នេះគឺជាចំណុចសំខាន់ ដែលយើងត្រូវធ្វើកិច្ចការងារ ជាមួយគ្នាបន្តទៀត ដើម្បីអភិវឌ្ឍរាជធានីភ្នំពេញ”៕