ដោយៈ គង់ សូរិយា
ភ្នំពេញៈ ខេត្តកំពង់ស្ពឺ នៅតែបន្តទាក់ទាញការវិនិយោគពីអ្នកធុរកិច្ចអន្តរជាតិលើវិស័យជាច្រើន។
អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកវ៉ឺ សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា អ្នកវិនិយោគចិនមកពីខេត្តហឺណាន ប្រទេសចិនចុះមកសិក្សា ដើម្បីស្វែងរកឱកាសវិនិយោគ លើវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងកសិកម្ម នៅក្នុងខេត្តកំពង់ស្ពឺ។
លោកបានសម្តែងសុទិដ្ឋិនិយមថា ក្រោយការសិក្សារបស់ក្រុមការងារទាំងអស់នេះ នោះរោងចក្រ សហគ្រាស ក៏ដូចជាវិស័យដាំដុះ និងចិញ្ចឹមសត្វ នឹងមានការកើនឡើង នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ បន្ថែមទៀត។
កាលពីខែមេសាកន្លងទៅ នៅអំឡុងពេលចុះទៅទស្សនៈកិច្ចនៅតាមក្រុមហ៊ុននានាជាច្រើន នៅក្នុងទីក្រុងហុងកុង លោកវ៉ី សំណាងបានបញ្ជាក់ផងដែរថា មានក្រុមហ៊ុនមកពីហុងកុង យ៉ាងតិច១០ នឹងមកប្រកបអាជីវកម្ម នៅក្នុងខេត្តកំពង់ស្ពឺឆាប់ៗនេះ ហើយអាចបង្កើតការងារបានជាង១០.០០០កន្លែងផងដែរ៕






