ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានប្រកាសកាលពីថ្ងៃច័ន្ទកន្លងទៅថា ពួកគេនឹងកាត់បន្ថយការផ្គត់ផ្គង់ប្រេងបន្ថែមទៀត ខណៈដែលការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកបានគ្របដណ្តប់លើទស្សនវិស័យតម្រូវការថាមពល។
អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោកបានអះអាងថា ខ្លួននឹងបន្តកាត់បន្ថយការផលិតប្រេងចំនួន១លានបារ៉ែលក្នុងមួយថ្ងៃយ៉ាងហោចណាស់រហូតដល់ចុងខែសីហា។
ចំណែកឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បានលើកឡើងថា ប្រទេសរបស់លោកនឹងកាត់បន្ថយការផ្គត់ផ្គង់ប្រេងដោយស្ម័គ្រចិត្តចំនួន៥០០.០០០បារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែសីហា ដោយកាត់បន្ថយការនាំចេញ។
-->
ការប្រកាសរបស់ប្រទេសទាំង២នេះ បានធ្វើឲ្យតម្លៃប្រេងឆៅBrent ដែលជាតម្លៃប្រេងគោលពិភពលោកហក់ឡើងថ្លៃ ០,៧% ដល់ តម្លៃជួញដូរ៧៦ដុល្លារ ក្នុងមួយបារ៉ែល នៅម៉ោង៧ និង១៥នាទី ព្រឹក ET។
អារ៉ាប៊ីសាអូឌីត មានបំណងជំរុញឱ្យប្រេងឆៅប្រភេទ Brent ជួញដូរក្នុងតម្លៃប្រហែល៨១ដុល្លារក្នុងមួយបារ៉ែល ដើម្បីរក្សាតុល្យភាពថវិការបស់ខ្លួន។ នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ។ ប្រទេសអារ៉ាប៊ីសាអូឌីតបានធ្លាក់ចូលទៅក្នុងឱនភាពថវិកាវិញនៅឆ្នាំនេះ បន្ទាប់ពីបានរាយការណ៍ពីអតិរេកថវិកានៅឆ្នាំ២០២២ ជាលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងមកនេះ។
ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីតបានដកស្រង់ប្រភពផ្លូវការមួយនៅក្នុងក្រសួងថាមពលមកថា “ការកាត់បន្ថយផលិតកម្មបន្ថែមនេះធ្វើឡើង ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រុងប្រយ័ត្នដែលធ្វើឡើងដោយបណ្តាប្រទេសសមាជិក OPEC + ក្នុងគោលបំណងគាំទ្រដល់ស្ថិរភាព និងតុល្យភាពនៃទីផ្សារប្រេង”៕