ដោយ: គង់ លាងហួរ
អន្តរជាតិ: ការស្នាក់នៅដោយគ្មានទិដ្ឋាការរហូតដល់៣០ថ្ងៃសម្រាប់បណ្តាប្រទេសមួយចំនួនដូចជាប្រទេសថៃ សិង្ហបុរី ឥណ្ឌូនេស៊ី កម្ពុជា និងឡាវ បានធ្វើឱ្យប្រទេសវៀតណាមក្លាយជាគោលដៅដ៏ពេញនិយមក្នុងចំណោមភ្ញៀវទេសចរមកពីតំបន់អាស៊ីអាគ្នេយ៍។
យោងតាមការចុះផ្សាយពីសារពត៌មានវៀតណាម VNExpress បានបង្ហាញឱ្យដឹងថា ប្រទេសកម្ពុជា និងឥណ្ឌាក្លាយជាទីផ្សារទេសចរអន្តរជាតិ ដែលបានស្ទុះងើបឡើងវិញយ៉ាងលឿនបំផុតសម្រាប់ប្រទេសវៀតណាម។
ទាក់ទិនទៅនឹងកម្រិតនៃការងើបឡើងវិញ កម្ពុជាជាប់ចំណាត់ថ្នាក់ទី១ ជាទីផ្សារទេសចរណ៍អន្តរជាតិរបស់ប្រទេសវៀតណាម ដែលបានងើបឡើងវិញយ៉ាងលឿនបំផុតដល់៣៣៨ភាគរយ ខណៈទីផ្សារទេសចរឥណ្ឌាជាប់ចំណាត់ថ្នាក់ទី២ ជាមួយនឹងការកើនឡើងដល់២៣៦ភាគរយ នៅក្នុងឆមាសទី១ ឆ្នាំនេះ។
លំហូរភ្ញៀវទេសចរឡាវជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងកំណើន ១១៧% តាមពីក្រោយដោយកំណើនភ្ញៀវទេសចរមកពីប្រទេសថៃ១០៨% និងសិង្ហបុរី១០៧%។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីរដ្ឋបាលជាតិទេសចរណ៍វៀតណាម។
-->
ការបើកដាក់ឱ្យដំណើរការផ្លូវហោះហើរត្រង់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានធ្វើឱ្យប្រទេសវៀតណាមក្លាយជាជម្រើសកំពូលក្នុងចំណោមអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា។
ទីផ្សារលំហូរភ្ញៀវទេសចរចំនួន២ ចូលប្រទេសវៀតណាម ដែលបានស្ទុះងើបឡើងវិញជិតដល់កម្រិតមុនជំងឺរាតត្បាតគឺ ភ្ញៀវទេសចរសហរដ្ឋអាមេរិកដែលងើបឡើងវិញដល់៩៥% និងអូស្ត្រាលីងើបឡើងដល់៩២% ។
ទីផ្សារមួយចំនួនផ្សេងទៀត ដែលត្រូវបានគេមើលឃើញពីការងើបឡើងវិញដ៏គួរឱ្យចាប់អារម្មណ៍គឺភ្ញៀវទេសចរអាល្លឺម៉ង់(៨៤%) ចក្រភពអង់គ្លេស(៧៩%) និងកូរ៉េខាងត្បូង(៧៧%)។
លំហូរភ្ញៀវទេសចរចិន ដែលធ្លាប់ជាប្រភពភ្ញៀវទេសចរដ៏ធំបំផុតចូលប្រទេសវៀតណាម បានងើបឡើងវិញជាង២២% បន្ទាប់ពីរដ្ឋាភិបាលចិនបានបើកដំណើរទេសចរណ៍ជាក្រុមទៅកាន់ប្រទេសវៀតណាមឡើងវិញកាលពីថ្ងៃទី១៥ ខែមីនា។
កាលពីថ្ងៃទី ២៤ ខែ មិថុនា រដ្ឋសភាវៀតណាមបានអនុម័តការពន្យារទិដ្ឋាការអេឡិចត្រូនិក សម្រាប់ភ្ញៀវទេសចរ ពី៣០ថ្ងៃទៅដល់៩០ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៥ខែសីហា។
នៅពេលដែលទទួលបានទិដ្ឋាការអេឡិចត្រូនិករួចហើយនោះ ជនបរទេសអាចចូល និងចាកចេញពីប្រទេសវៀតណាមបានដោយគ្មានកំណត់រយៈពេល និងមិនចាំបាច់ឆ្លងកាត់នីតិវិធីសម្រាប់ការទទួលបានទិដ្ឋាការថ្មីនោះទេ៕