ដោយៈ ជេស៊ីកា
ភ្នំពេញៈ មនុស្សជាច្រើនបានលឺ និងនិយាយនូវពាក្យ “នៅក្នុងគ្រោះមានសំណាង” ឬ “នៅក្នុងគ្រោះមានលាភ”ជាដើម ប៉ុន្តែការវិនិយោគដីធ្លីក្នុងស្ថានភាពបែបនេះ ទាមទារឲ្យមានការវិភាគច្រើនដោយផ្អែកលើមូលដ្ឋានមួយចំនួន។
មូលដ្ឋានទាំងនោះមានដូចជា កត្តាភូមិសាស្រ្ត ប្រជាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ឋ គោលនយោបាយរបស់រដ្ឋាភិបាល និងស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកជាដើម។
តើគួរវិនិយោគដីធ្លីនៅទិសណាមួយ?
ទិសទាំងបួននៃរាជធានីភ្នំពេញ សុទ្ឋតែមានសក្តានុពល ប៉ុន្តែមានភាពខុសៗគ្នា អាស្រ័យលើកត្តាមួយចំនួន ដែលតំបន់ទាំងនោះបាននិងកំពុងអភិវឌ្ឈន៍យឺតឬលឿន អាស្រ័យលើកត្តាជាច្រើនរួមមានប្រជាសាស្រ្ត សេដ្ឋកិច្ចមូលដ្ឋាន សណ្ឋានដី ការអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល។
យើងសាកល្បងទៅមើលទិដ្ឋភាពមួយចំនួន នៃទិសទាំងបួនរបស់រាជធានីភ្នំពេញ។
ទិសខាងកើត
ជាតំបន់មួយស្ថិតនៅជាប់មាត់ទន្លេ និងមានបឹងធំៗច្រើន តំបន់នេះស័ក្តិសម សម្រាប់ការវិនិយោគរមណីដ្ឋាន ផ្ទះលំហែរ និងអាជីវកម្មមួយចំនួនទៀត ពិសេសទីផ្សារអចលនវត្ថុបាន និងកំពុងមានភាពរីកចម្រើនផងដែរ ប៉ុន្តែភាគច្រើនអ្នកអភិវឌ្ឍន៍ បានចាប់យកចំណែកទីផ្សារសម្រាប់ប្រជាពលរដ្ឋមានជីវភាពមធ្យមភាគច្រើន។ប៉ុន្តែទីក្រុងអរិយក្សត្រ ដែលបានបង្កើតឡើងកាលពីពេលថ្មីៗនេះ និងកត្តាមួយចំនួនទៀត រួមមាន ស្ពានសាងសង់តភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត។ ស្ពានមិត្តភាពកម្ពុជា កូរ៉េ ដែលនឹងសាងសង់នាពេលខាងមុខ និងគំរោងពង្រីកផ្លូវជាតិលេខ៨ ជាបួនគន្លងដែលបានឈានទៅបញ្ចប់ បាននិងកំពុងលើកកំពស់សក្តានុពល ទីផ្សារអចលវត្ថុ និងតម្លៃដីធ្លីនៅតំបន់នេះផងដែរ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ ឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ស្រុកល្វាឯម ដែលស្ថិតនៅកៀកនឹងទីក្រុងអរិយក្សត្រ នឹងក្លាយជាទីក្រុងមួយនាពេលអនាគត។
ទិសខាងលិច
ភាគច្រើនតំបន់នេះ មានសក្តានុពលលើការបង្កើត តំបន់សេដ្ឋកិច្ចពិសេស និងទាក់ទាញការវិនិយោគផ្នែកឧស្សាហកម្ម ដោយសារប្រជាពលរដ្ឋរស់នៅតំបន់នេះច្រើន ជាតំបន់មិនប្រឈមនឹងការជន់លិច ជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ក្នុងការតភ្ជាប់ទៅកាន់កំពង់ផែព្រះសីហនុ និងកំពង់ផែក្នុងខេត្តកំពត ដែលបាននិងកំពុងសាងសង់។
ប៉ុន្តែតំបន់នេះ មិនសូវមានភាពអំណោយផល ដល់ការអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ និងបុរីលំនៅដ្ឋានសម្រាប់ពួកអភិជនច្រើននោះទេ ដោយសារប្រជាពលរដ្ឋរស់ នៅតំបន់នេះភាគច្រើន ធ្វើការនៅតាមរោងចក្រ សហគ្រាស ដែលមានផលចំណូលនៅមានកម្រិត ជាហេតុធ្វើឲ្យអំណាចនៃការទិញនៅមានកម្រិត។
ទិសខាងត្បូង
កាលពីអតីតកាលទិសខាងត្បូង នៃរាជធានីភ្នំពេញ ភាគច្រើនជាសណ្ឋានដី ដែលមានលក្ខណៈជាបឹងធំៗ ប៉ុន្តែបច្ចុប្បន្នបឹងទាំងនោះត្រូវបានលុប និងបានប្រែក្លាយជាទីក្រុងរណបថ្មីមួយ ដែលមានសភាពអំណោលផលច្រើនដល់ការរស់នៅ ការប្រកបអាជីវកម្ម និងការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ។
តំបន់នេះ មានសភាពអំណោយផល កាន់តែខ្ពស់នាពេលអនាគត ដោយសារកត្តាហេដ្ឋារចនាសម្ព័ន្ឋ ការវិនិយោគផ្សារទំនើបAEON Mall Meanchey, Borey Peng Huort, បុរីChip Mongជាដើម ពិសេសព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលបាននិងកំពុងពន្លឿន និងឈានទៅបញ្ចប់នាពេលខាងមុខ។
ភាពអំណោយផលរបស់ទិសខាងត្បូង បានធ្វើឲ្យក្រុមហ៊ុនជាតិ អន្តរជាតិជាច្រើនបោះទុនវិនិយោគ រាប់រយលានដុល្លារនៅតំបន់នេះ ជាមួយនឹងការសាងសង់ លំនៅដ្ឋានមានតម្លៃខ្ពស់ មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ និងហេដ្ឋារចនាសម្ព័ន្ឋអំណោយផលជាច្រើនទៀត។
ទិសខាងជើង
ក្រសួងសាធារណៈរបស់រដ្ឋាភិបាលជាច្រើន បាននិងកំពុងសាងសង់ និងបញ្ចប់ការសាងសង់នៅតំបន់នេះ ដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណៈការ និងដឹកជញ្ជូនជាដើម។
ការសាងសង់គំរោង “ផ្សារដើមគ”ថ្មីនៅតំបន់បឹងតាមោឃ ឬបឹងកប់ស្រូវ និងគំរោងជាច្រើនទៀត បានទាក់ទាញអ្នកវិនិយោគជាច្រើនបោះទុនវិនិយោគលំនៅដ្ឋាន មានលក្ខណៈជាប្លុកពាណិជ្ជកម្ម លំនៅដ្ឋានផ្តោតលើអភិជន កាន់តែច្រើននៅតំបន់នេះ ដោយសារតំបន់នេះមានលក្ខណៈពិសេសមួយចំនួនដូចជា ទី១ មានទីតាំងនៅកៀកនឹងរមណីយដ្ឋានភ្នំរាប រមណីយដ្ឋានភ្នំប្រសិទ្ឋ និងជាតំបន់តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥១ ដែលជាតំបន់កំពុងមានការអភិវឌ្ឍលឿន ដោយមានរោងចក្រ សហគ្រាស លំនៅដ្ឋានមានលក្ខណៈជាបុរីច្រើន។
ចំណុចលេខធ្លោមួយទៀត តំបន់នេះជាតំបន់មានមនុស្សរស់នៅច្រើន ដែលស្ថិតនៅកៀកនឹងពហុកីឡដ្ឋានមរតកតេជោ សួនទឹកធំលំដាប់លេខ៣នៅអាស៊ាន វិមានឈ្នះ ឈ្នះ និងផ្លូវជាតិលេខ៦អា ដែលជាតំបន់បណ្តុះដោយបុរីលំនៅដ្ឋានធំៗ ពិសេសទីក្រុងរណបធំៗចំនួន៣ បាននិងកំពុងអភិវឌ្ឍន៍នៅតំបន់នេះ ដូចជា ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត ទីក្រុងរណបមរតកតេជោ ទីក្រុងរណបដឺបូតានិកស៊ីធីជាដើម។
ប៉ុន្តែនៅពេលសួរថាតើតម្លៃដី ស្ថិតនៅទិសខាងណានឹងឡើងថ្លៃ និងមានតម្លៃខ្ពស់ជាងគេ សូមពិនិត្យមើលលើភូមិសាស្រ្តតំបន់ ចំនួនប្រជាពលរដ្ឋ មូលដ្ឋានជីវភាពប្រជាជនក្នុងតំបន់ ហេដ្ឋារចនាសម្ព័ន្ឋ និងគោលនយោបាយរបស់រដ្ឋាភិបាល៕