រដ្ឋាភិបាលតម្រូវឲ្យក្រុមហ៊ុនអចលនទ្រព្យ និងបញ្ជាំដាក់របាយការណ៍អាជីវកម្ម

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ នា​ដើម​សប្តាហ៍​នេះ ​បានធ្វើការ​ក្រើនរំឭក​ទៅ ដល់​អ្នក​ក្នុង​វិស័យ​អចលនទ្រព្យឱ្យ​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន ​ចំពោះ​កាតព្វកិច្ច​ដាក់​របាយការណ៍ ដែល​រដ្ឋាភិបាល​បានកំណត់​នាពេល​កន្លងមក​។​

ការផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម ​ផ្លូវការ​របស់​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ កាលពី​ថ្ងៃទី​៣ ខែកក្កដា បាន​ក្រើនរំឭក​អំពី​ការអនុវត្ត ​កាតព្វកិច្ច​ដាក់​របាយការណ៍ សម្រាប់​អ្នក​ប្រកប​អាជីវកម្ម​អភិវឌ្ឍ​អចលនវត្ថុ អ្នក​ប្រកប​អាជីវកម្ម​ផ្តល់​សេវាកម្ម​អចលនវត្ថុ និង​អ្នក​ប្រកប​អាជីវកម្ម​បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន​។​

ខ្លឹមសារ​នៃ​លិខិត​ដែល​ចុះ​កាលបរិច្ឆេទ ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣ បានសរសេរថា​ “និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​(​ន​.​អ​.​ប​.) នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​ មិនមែន​ធនាគារ​(​អ​.​ស​.​ហ​.) មាន​កិត្តិយស​សូម​ក្រើនរំឭក​ដល់ អ្នកឧកញ៉ា​/​ឧកញ៉ា​/​លោក​/​លោកស្រី​/​អ្នកនាង​/​កញ្ញា ជា​ម្ចាស់​ក្រុមហ៊ុន​/​សហគ្រាស​/​គម្រោង ដែល​បានទទួល​អាជ្ញាប័ណ្ណ ​ប្រកប​អាជីវកម្ម​អភិវឌ្ឍ​លំនៅឋាន អាជីវកម្ម​អភិវឌ្ឍ​អគារ​សហកម្មសិទ្ធិ អាជីវកម្ម​អភិវឌ្ឍ​ដីឡូត៍ អាជីវកម្ម​ផ្តល់​សេវាកម្ម​អចលនវត្ថុ និង​អាជីវកម្ម​បញ្ចាំ​ និង​/​ឬ​អាជីវកម្ម​ប្រាតិភោគ​ដោយ​អនុប្បទាន ពី ន​.​អ​.​ប​. ឬ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវធ្វើ​ការបំពេញ​កាត​ព្វ​កិច្ច​ ផ្តល់​របាយការណ៍​ឱ្យបាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា​ដូច​មាន​ក្នុង​សេចក្តីជូនដំណឹង​។​

យោងតាម​ខ្លឹមសា​នៃ​សេចក្តីជូនដំណឹង​នោះ គឺ​ផ្តោតជាសំខាន់​ទៅលើ​ការផ្ញើ​របាយការណ៍ ​សក​ម្ម​ភាព​ប្រតិបត្តិការ​ប្រចាំខែ ត្រីមាស ឆមាស និង​ឆ្នាំ របស់​ក្រុមហ៊ុន​នានា មកកាន់ ន​.​អ​.​ប​.​។​

ម្ចាស់ក្រុមហ៊ុនមួយរូបបានលើកឡើងថា ក្នុងនាម​ជា​ក្រុមហ៊ុន​ដែលមាន​អាជ្ញាប័ណ្ណ​ស្របច្បាប់ ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​(​ក្រុមហ៊ុន​ទិញ​-​លក់​អចលនទ្រព្យ​, ក្រុមហ៊ុន​គ្រប់គ្រង​, វាយតម្លៃ​, ក្រុមហ៊ុន​អភិវឌ្ឍន៍​…​ភ្នាក់ងារ​) គឺ​តែងតែ​ចូលរួម​សហការ និង​អនុវត្ត​យ៉ាង​ពេញលេញ​ទៅតាម​គោលការណ៍ និង​សេចក្តីណែនាំ​របស់​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ ដូចជា ​របាយការណ៍​ប្រចាំខែ ត្រីមាស ឆមាស និង​ឆ្នាំ​ជាដើម​។

យោងតាមទិន្នន័យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់បានឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២៣ ក្រសួង​បានផ្ដល់​លិខិត ​អនុញ្ញាតឱ្យ​សាងសង់​ចំនួន ១ ៤៦៣​គម្រោង លើ​ផ្ទៃក្រឡា​អគារ​ជាង៥​លាន​ម៉ែត្រការ៉េ ក្នុង​ទុនវិនិយោគ​ជាង២ ២៧០​លាន​ដុល្លារ កើនឡើង១៣៨,៥២​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here