ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនធំមួយឈ្មោះ Metal Jewelry(Cambodia)Co., Ltd បានវិនិយោគទឹកប្រាក់ប្រមាណ៩លានដុល្លារ ដើម្បីបង្កើតរោងចក្រកែច្នៃគ្រឿងអលង្ការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ភ្នំពេញ សម្រាប់នាំទៅកាន់ទីផ្សារអន្តរជាតិ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៣ ខែមិថុនា បានអនុម័តគំរោងវិនិយោគនេះ ដោយក្រុមហ៊ុនខាងលើបានទទួលសិទ្ឋ ដើម្បីបង្កើតរោងចក្រផលិត និងដំឡើងគ្រឿងអលង្ការ និងគ្រឿងផ្សេងៗដែលធ្វើពីលោហធាតុ និងប្លាស្ទិក ដោយមានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងបង្កើតការងារបាន៤៣៤កន្លែង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានលើកឡើងដោយសុទិដ្ឋិនិយមថា ថ្មីៗនេះកម្ពុជាទាក់ទាញការវិនិយោគថ្មីៗជាច្រើនក្នុងវិស័យផ្សេងៗក្រៅពីវិស័យកាត់ដេរ ដែលវានឹងនាំមកនូវបច្ចេកវិទ្យា និងជំនាញថ្មីៗក្នុងឧស្សាហកម្មមួយនេះ។
លោកថ្លែងថា “វាជាព័ត៌មានដ៏ល្អមួយ សម្រាប់ប្រទេសយើងជុំវិញការបង្កើតរោងចក្រគ្រឿង អលង្ការថ្មីក្រៅពីកាត់ដេរ”។ លោកបន្ថែមថា “ខ្ញុំសង្កេតឃើញថា ថ្មីៗនេះយើងទាក់ទាញបានការវិនិយោគថ្មីៗជាច្រើន រួមទាំងរោងចក្រដំឡើងរថយន្ត រោងចក្រកែច្នៃសម្បកកង់រថយន្ត រោងចក្រកែច្នៃកសិកម្ម និងរោងចក្រកែច្នៃគ្រឿងអលង្ការ ដែលមានភាពវិជ្ជមានខ្លាំង ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចរបស់យើង”៕






