ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការចុះផ្សាយ ដោយសារពត៌មានវៀតណាម VNEpress កាលពីថ្ងៃទី២ ខែកក្កដា បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ី គ្រោងនឹងពិនិត្យឡើងវិញ នូវកម្មវិធីទិដ្ឋាការរយៈពេល១០ឆ្នាំរបស់ខ្លួន នៅក្នុងរយៈពេលពីរខែខាងមុខនេះ។
រដ្ឋមន្ត្រីម៉ាឡេស៊ីបានអះអាងថា វាអាចចំណាយពេលរហូតដល់ទៅ៨សប្តាហ៍ ដើម្បីទទួលបានការយល់ព្រមពីរដ្ឋាភិបាល មុនពេលលក្ខខណ្ឌចុងក្រោយ លើកម្មវិធី Malaysia My Second Home អាចត្រូវបានបញ្ចប់សព្វគ្រប់។
កម្មវិធីទិដ្ឋាការ ដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០០២ អនុញ្ញាតឱ្យជនបរទេស អាចស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី បានរហូតដល់ទៅ១០ឆ្នាំ។
-->
កាលពីខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលម៉ាឡេស៊ីបានដាក់លក្ខខណ្ឌយ៉ាងតឹងរ៉ឹង ដោយតម្រូវឱ្យអ្នកដាក់ពាក្យសុំ ផ្តល់នូវភស្តុតាងបញ្ជាក់ ទ្រព្យសកម្មរបស់ពួកគេ ចំនួន១,៥លានរីងហ្គីត (៣៣៨.០០០ដុល្លារអាមេរិក) និងភស្តុតាងប្រាក់ចំណូលប្រចាំខែអប្បបរមាចំនួន៤០.០០០រីងហ្គីត។
ទ្រព្យសកម្មរាវ ឬ Liquid assets គឺជាទ្រព្យដែលអ្នកអាចបម្លែងទៅជាសាច់ប្រាក់បានងាយស្រួល ក្នុងរយៈពេលខ្លី (លក់ប្ដូរយកលុយ) ដោយមិនខាតបង់ ឬខាតតែបន្តិចបន្តួច។ឧទាហរណ៍ដូចជា លុយក្នុងកុងធនាគារ បណ្ណបំណុល ឬភាគហ៊ុន ។ល។ ដែលសុទ្ធសឹងតែអាចប្តូរ ទៅជាលុយបានងាយស្រួល និងក្នុងរយៈពេលខ្លី។កាលពីមុន បេក្ខជនដាក់ពាក្យស្នើសុំទិដ្ឋាការស្នាក់នៅ គ្រាន់តែតម្រូវឱ្យមានប្រាក់សន្សំ ចន្លោះពី៣០០.០០០រីងហ្គីត និង៥០០.០០០រីងហ្គីតតែប៉ុណ្ណោះ។
ទន្ទឹមគ្នានេះ សមាគម និងអ្នកជំនាញជាច្រើន បានអំពាវនាវឱ្យ រដ្ឋាភិបាលម៉ាឡេស៊ី ដោះស្រាយបញ្ហាក្នុងកម្មវិធីទិដ្ឋាការ រយៈពេល១០ឆ្នាំរបស់ខ្លួនឱ្យបានឆាប់រហ័ស ដើម្បីជួយបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល និងជំរុញទីផ្សារលំនៅដ្ឋានដែលបាននៅទ្រឹង៕