ដោយ: គង់ លាងហួរ
ភ្នំពេញ: សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនពាណិជ្ជ កម្មអេឡិចត្រូនិកយក្សរបស់ប្រទេសចិនAlibaba ដើម្បីបើកទីផ្សារអង្ករកម្ពុជា នៅលើវេទិកា Alibaba។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានមានប្រសាសន៍ថា អនុប្រធានCRF លោកយន់ ហុង បានជួបពិភាក្សាជាមួយលោកChhay Meng អ្នកគ្រប់គ្រងប្រតិបត្តិការរបស់ Alibaba ប្រចាំប្រទេសកម្ពុជា នៅរាជធានីភ្នំពេញកាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនេះ។
លោកបានមានប្រសាសន៍ថា “កិច្ចពិភាក្សានេះ ផ្តោតលើការនាំចេញ និងទីផ្សារអង្ករកម្ពុជានៅលើវេទិកា Alibaba ដែលជាគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក ដ៏ល្បីល្បាញនៅក្នុងប្រទេសចិន និងហាងពាក់ព័ន្ធនានារបស់Alibaba ហើយយើងនឹងធ្វើការរួមគ្នា ដើម្បីផ្សព្វ ផ្សាយអង្ករកម្ពុជាឱ្យបានទូលំទូលាយដល់អតិថិជនចិន”។ទន្ទឹមគ្នានេះ ប្រទេសចិនគឺជាទីផ្សារ នាំចេញអង្ករធំជាងគេរបស់កម្ពុជា។
CRF បានអះអាងថា កម្ពុជាបាននាំចេញអង្ករចំនួន១១៨.០៤១តោនទៅកាន់ប្រទេសចិន ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ដែលបង្កើតប្រាក់ចំណូល បាន៧៧,៤លានដុល្លារអាមេរិក ដោយបន្ថែមថា ទីផ្សាររបស់ប្រទេសចិន រួមចំណែក៤២ភាគរយ នៃបរិមាណនាំចេញអង្ករសរុបរបស់កម្ពុជា។
លោកឧកញ៉ាចាន់ សុខឃាំងប្រធាន CRF បានលើកឡើងកាលពីពេលថ្មីៗនេះថា ប្រទេសចិនគឺជាទីផ្សារដ៏ធំ សម្រាប់អង្ករកម្ពុជា ហើយសហព័ន្ធ នឹងធ្វើការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីធានាថា ការលក់អង្ករប្រចាំឆ្នាំ ទៅកាន់ប្រទេសចិន អាចកើនដល់៤០០.០០០តោនក្នុងមួយឆ្នាំ៕








