ឧទ្យានបុរាណវិទ្យាអង្គរវត្តរកចំណូលបានជិត១៨លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនា នៅឆមាសទី១

0

ដោយ: គង់ លាងហួរ
សៀមរាប: ឧទ្យានបុរាណវិទ្យាអង្គរដ៏ល្បីល្បាញរបស់កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន៣៨៥.៧៦៩នាក់ក្នុងឆមាសទីមួយ ឆ្នាំ២០២៣នេះ ពោលគឺកើនឡើង៥៤៣ភាគរយពីចំនួនត្រឹមតែ៥៩.៩៨៣នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Angkor Enterprise ដែលគ្រប់គ្រងដោយរដ្ឋបានឱ្យដឹងថា ឧទ្យានបុរាណនេះរកចំណូលបាន១៧,៨៧លានដុល្លារអាមេរិកពីការលក់សំបុត្រ ក្នុងអំឡុងខែមករាដល់ខែមិថុនា ឆ្នាំនេះ ពោលគឺកើនឡើង៦៣៨ភាគរយពី២,៤២លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា នៅក្នុងខែមិថុនា ឧទ្យាននេះបានស្វាគមន៍ជនបរទេសចំនួន៤១.០១២នាក់ ដែលក្រុមហ៊ុនអាចរកប្រាក់ចំណូលបាន១,៨លានដុល្លារពីការលក់សំបុត្រ។

ដោយស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប ឧទ្យានបុរាណវិទ្យាអង្គរ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍ថា កម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន២,៥៧លាននាក់នៅក្នុងឆមាសទី១ នៃឆ្នាំនេះ ដែលកើនឡើង៤០៩ភាគរយពីចំនួនត្រឹមតែ៥០៦.៧៦២នាក់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកបានមានប្រសាសន៍ថា “ផ្អែកលើការព្យាករចុងក្រោយរបស់យើង កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរបរទេសរហូតដល់៥លាននាក់នៅឆ្នាំ២០២៣នេះ”
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា “ការបើកដំណើរការឡើងវិញរបស់ប្រទេសចិននៅដើមឆ្នាំនេះ បានបញ្ចូលកម្លាំងរុញច្រានដល់កំណើនវិស័យទេសចរណ៍របស់កម្ពុជា ហើយកម្ពុជាត្រូវបានគេរំពឹងថា នឹងអាចស្វាគមន៍ភ្ញៀវទេសចរចិនបានចន្លោះពី៨០០.០០០នាក់ រហូតទៅដល់១លាននាក់នៅក្នុងឆ្នាំនេះ”

LEAVE A REPLY

Please enter your comment!
Please enter your name here