កម្ពុជា-អាមេរិកពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីជម្រុញទំហំពាណិជ្ជកម្ម និងការវិនិយោគ

0

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកW.Patrick Murphy បានបង្ហាញពីការកត់សម្គាល់នូវវឌ្ឍនភាពនៃការស្តារឡើងវិញ យ៉ាងឆាប់រហ័សនូវសេដ្ឋកិច្ចកម្ពុជា អាស្រ័យការគ្រប់គ្រង់បានយ៉ាងល្អនូវជំងឺកូវីដ-១៩ អត្រានៃការវ៉ាក់សាំងខ្ពស់ ដែ​លធានាឱ្យមានការបើកដំណើរការសង្គម សេដ្ឋកិច្ចឡើងវិញបានពេញលេញយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សេរីភាពអង្គការវិជ្ជាជីវ: សិទ្ធការងារ និងការផ្តល់នូវកិច្ចគាំពារសង្គម តាមរយ:កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទាំងនេះសុទ្ធតែជាកត្តាទាក់ទាញ់វិនិយោគទុន និងការបញ្ជាទិញទំនិញពីកម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក បើទោះជានៅមានកង្វល់ និងបញ្ហាសេសសល់ខ្លះ ដែលភាគីទាំងពីរកំពុងរួមគ្នា ក្នុងការស្វែងរកដំណោះស្រាយក៏ដោយ។ការបញ្ជាក់នេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាងលោក បណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតPatric Murphy កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

លោកឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការពេញចិត្ត ចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង ដែលបានលើកឡើងពីវឌ្ឍនភាព របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ដែលជំរុញឱ្យការបញ្ជាទិញ ពីទីផ្សារសហរដ្ឋអាមេរិកកាន់តែមានកំណើន កំណើននេះគឺកើនទាំងបរិមាណផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង ទំហំពាណិជ្ជកម្ម និងបន្ថែមនូវការនាំចេញផលិតផលកាបូប និងសម្ភារធ្វើដំណើរទៀតផង។កម្ពុជាបានខិតខំទាញបានផលប្រយោជន៍ ពីពាណិជ្ជកម្មកម្ពុជា-អាមេរិក បានចំណាត់ថ្នាក់ជាប្រទេសទី៤ ដែលនាំចេញទៅទីផ្សារអាមេរិក និងជាប្រទេសចំណាត់ថ្នាក់ទី៣ ដែលទទួលអត្ថប្រយោជន៍ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) ពីសហរដ្ឋអាមេរិក។

នាជំនួបនោះផងដែរ ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ សំដៅពង្រឹងពង្រីកទំនាក់ទំនងកម្ពុជា -អាមេរិកឱ្យកាន់តែមានលក្ខណ:គ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនវិនិយោគទុនរបស់ខ្លួននៅកម្ពុជាក្នុងវិស័យជាច្រើនទៀត។

ទន្ទឹមនឹងនេះភាគីទាំងពីរ បានពិភាក្សាលើអនុសាសន៍មួយចំនួន ដូចជាករណីពលកម្មកុមារ អំពើជួញដូរមនុស្ស ការធ្វើអធិការកិច្ចទីភ្នាក់ងារបញ្ជូនពលករ ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ ការធានានិរន្តរភាពនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការបន្តធ្វើឱ្យប្រសើរឡើង នូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវ: និងបន្តអនុ​លោមភាពស្របតាមបទដ្ឋានការងារអន្តរជាតិ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន។

ភាគីអាមេរិក នឹងផ្តល់កិច្ចសហប្រតិបត្តិការជាច្រើនទៀត ពិសេ​សលើវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here