ដោយៈ តែម សុខុម
តូក្យូ: អគារកប់ពពកខ្ពស់បំផុតក្នុងប្រទេសជប៉ុន ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ហើយអគារនេះគឺជាផ្នែកមួយ នៃផែនការពង្រីក “ភូមិក្នុងទីក្រុងសម័យទំនើប” នៅកណ្តាលទីក្រុងតូក្យូ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៤ ខែកក្កដា។
អគារកប់ពពកនេះមានកម្ពស់៣៣០ម៉ែត្រ និងមាន៦៤ជាន់ដែលស្ថិតក្នុងគម្រោងដ៏ធំ Azabudai Hills Complex ។ អគារនេះបានវ៉ាឈ្នះអគារ Abeno Harukas នៅទីក្រុងអូសាកា (Osaka) ដែលពេលនេះក្លាយជា អគារខ្ពស់បំផុតទី២ ប្រចាំប្រទេសជប៉ុន ជាមួយនឹងកម្ពស់៣០០ម៉ែត្រ។
ការសាងសង់បញ្ចប់ជាស្ថាពរ ដែលត្រូវបានប្រកាសកាលពីថ្ងៃច័ន្ទ ទី៣ ខែកក្កដា នេះធ្វើឱ្យគម្រោង Azabudai Hills Complex ឈានមួយជំហានទៀត កាន់ខិតជិតដល់ការបើកសម្ពោធជាផ្លូវការតាមការគ្រោងទុកនៅរដូវស្លឹកឈើជ្រុះ។






