ដោយៈ តែម សុខុម
ហូជីមិញ: តម្លៃដី អាផាតម៉ិន ផ្ទះ Townhouse និងវីឡានៅទីក្រុងហូជីមិញ និងបណ្ដាខេត្តជិតខាង នៅតែបន្តធ្លាក់ចុះខ្លាំងហៅមិនឮ ខណៈអ្នកវិនិយោគប្រឈម នឹងបញ្ហារំហូរសាច់ប្រាក់។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៤ ខែកក្កដា។
យោងតាមការស្រាវជ្រាវរបស់សារព័ត៌មាន VNExpress បង្ហាញថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំនេះ តម្លៃដាក់លក់អាផាតម៉ិននៅតំបន់ភាគខាងកើត នៃទីក្រុងហូជីមិញ បានធ្លាក់ចុះរហូតដល់ទៅប្រមាណ៣៨.១០០ដុល្លារអាមេរិក ហើយផ្ទះTownhouse និងផ្ទះវីឡានៅតំបន់ជាយក្រុងហូជីមិញ និងបណ្ដាខេត្តជិតខាងបានធ្លាក់ថ្លៃច្រើនម៉ឺនដុល្លារអាមេរិក។តម្លៃអាផាតម៉ិនលំដាប់ខ្ពស់មួយចំនួន នៅសង្កាត់លេខ១ នៃក្រុងហូជីមិញ បានធ្លាក់ចុះចន្លោះពី២១០.០០០ដុល្លារអាមេរិក ទៅ៤២០.០០០ដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ តម្លៃដីនៅជាយក្រុងហូជីមិញ ក៏បានធ្លាក់ចុះពី៣០%ទៅ៥០%ផងដែរ។
លោក Nguyen Loc Hanh នាយកប្រតិបត្តិក្រុមហ៊ុន Asia Gem Real Estate Investment JSC និយាយថា ការធ្លាក់ថ្លៃអចលនទ្រព្យនាពេលបច្ចុប្បន្ន ក្នុងទីផ្សារបន្ទាប់បន្សំក្នុងប្រទេសវៀតណាម គឺបណ្ដាលមកពីកត្តាសំខាន់ពីរ។
កត្តាទី១ គឺកង្វះរំហូរសាច់ប្រាក់របស់ម្ចាស់អចលនទ្រព្យ ដែលជាអ្នកវិនិយោគបុគ្គល។ កត្តាទី២ គឺតម្រូវការបន្ទាន់ ដែលត្រូវដោះស្រាយបំណុលរបស់អ្នកវិនិយោគជាស្ថាប័ន។
លោកបន្តថា លុះត្រាតែអ្នកវិនិយោគជាបុគ្គល និងអ្នកវិនិយោគជាស្ថាប័ន សម្រេចបាននូវសមតុល្យហិរញ្ញវត្ថុ នោះទើបពួកគេបញ្ឈប់បញ្ចុះតម្លៃអចលនទ្រព្យ៕ VN Express៕