ដោយៈ ហ្វីអូណា
រតនគិរីៈ តំណាងក្រុមហ៊ុន Minebee Mitsumi របស់ជប៉ុនបានជួបពិភាក្សាជាមួយអភិបាលខេត្តរតនគិរី ពីស្ថានភាពនៃការប្រើប្រាស់អំពូល Smart City និងមានបំណងចង់វិនិយោគ លើគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ ខេត្តភាគឦសានមួយនេះ។
ជំនួបពិភាក្សាការងារគ្នានេះ បានធ្វើឡើងកាលពីថ្ងៃទី៤ ខែកក្កដា រវាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ជាមួយនឹងតំណាងក្រុមហ៊ុន Mine beeMitsumi ដែលដឹកនាំដោយលោក អា អូគី។
យោងតាមមន្ទីរព័ត៌មានខេត្តរតនគិរីបានឱ្យដឹងថា ក្នុងកិច្ចពិភាក្សានេះ លោក អា អូគី បានលើកពីវិសាលភាព នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន នៅក្នុងប្រទេសជប៉ុន ទាក់ទងនឹងការវិនិយោគលើគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាត(Smart LED) និងមានបំណងចង់វិនិយោគលើវិស័យនេះ នៅខេត្តរតនគិរី ដោយលោកក៏បានបង្ហាញសុច្ឆន្ទៈ ក្នុងការសហប្រតិបត្តិការ ជាមួយរដ្ឋបាលខេត្តរតនគិរី ដើម្បីចូលរួមចំណែកអភិវឌ្ឍខេត្តនេះបន្ថែមទៀត។
ជាការឆ្លើយតប លោក ញ៉ែម សំអឿន បានលើកឡើងថា អាជ្ញាធរខេត្តពិតជាស្វាគមន៍ចំពោះក្រុមហ៊ុនជប៉ុន ដែលចង់វិនិយោគលើគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាតនេះ ពីព្រោះខេត្តរតនគិរីជាខេត្តដែលមានសក្តានុពលទាំងធនធានធម្មជាតិ និងទាំងវប្បធម៌ ប្រពៃណីរបស់ជនជាតិដើមភាគតិច។
លោកបានថ្លែងថា “រដ្ឋបាលខេត្តសូមគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីស្វាគមន៍និងជួយសម្រួល ដល់ក្រុមហ៊ុនរបស់ជប៉ុនដែលមានបំណងមកវិនិយោគ នៅក្នុងខេត្តរតនគិរីយើងផងដែរ”៕






