[:km]ដោយនៅ វឌ្ឍនា
បាត់ដំបង៖ បាត់ដំបងមានអ្វីៗពិសេសជាច្រើន និងបង្កប់មន្តស្នេហ៍ដ៏អាថ៌កំបាំងមួយ ដែលអ្នកបានទៅលេងកំសាន្តហើយ នៅតែមានអារម្មណ៍អាលោះអាល័យនិងមិនចង់ត្រលប់មកវិញ។
ជាមួយរមណីយដ្ឋានវប្បធ៌ម ប្រវត្តិសាស្រ្ត និងធម្មជាតិដ៏សម្បូរបែប ខេត្តនេះក៏បង្កប់នូវអនុស្សាវរីយ៍រាប់ពាន់ ក្នុងដួងចិត្តជន្នានុជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។

អួតពីទឹកដីដងស្ទឹងសង្កែប៉ុណ្ណឹងបានហើយ ចុងសប្តាហ៍ដ៏ស្រស់បំព្រងនេះយើងនាំអារម្មណ៍លោក អ្នកទៅទស្សនារមណីយដ្ឋានធម្មជាតិភ្នំសំពៅ ដែលស្ថិតនៅតាមដងផ្លូវ ជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់។
ភ្នំនេះមានកំពស់ប្រមាណ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន១០៣០កាំ និងមានចំងាយ១២គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង។
-->

នៅលើរមណីយដ្ឋានដ៏ស្រស់ត្រកាលនេះ មានវត្តមួយ ឈ្មោះថាវត្តគិរីរម្យ និងមានល្អាង រូងភ្នំជាច្រើន សរុបទាំងអស់ចំនួន១២ រួមមាន ល្អាងផ្កាស្លា ល្អាងគក់ទ្រូង ល្អាងខ្យល់ ល្អាងតែងខ្លួន ល្អាងល្ខោន ល្អាងជ្រៃ ល្អាងពេជ្រ ល្អាងខ្វែង ល្អាងប្រេង ល្អាងស្ថានីយ ឬល្អាងធំ ១១. ល្អាងក្បាលខ្មោច ល្អាងប្រចៀវ ប៉ុន្តែល្អាងដែលភ្ញៀវនិយមចូលទស្សនាមាន តែល្អាងផ្កាស្លា និងល្អាងល្ខោន ដែលល្អាងនិមួយៗមានសោភ័ណភាព និងបង្កប់ដោយអាថ៌កំបាំងជាច្រើន បើយើងមុជជ្រៅទៅក្នុងដែលធម្មជាតិ។

នៅក្បែរភ្នំសំពៅមានចម្កោមភ្នំសំខាន់ៗ មួយចំនួនទៀតដែលមានជាប់ទាក់ទងនឹងរឿង ព្រេងនិទានខ្មែរ គឺរឿងព្រះបាទរាជកុល នាងរំសាយសក់។ ភ្នំទាំងនោះមាន ភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម និងភ្នំសងក្បាល់ ។ អ្វីដែលពិសេសជាងនេះទៅទៀត ភ្នំសំពៅមិនត្រឹមតែជារមណីយដ្ឋានធម្មជាតិ ដ៍មានប្រជាប្រិយភាពប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងកម្សាន្តមួយដ៏ទាក់ទាញ ក្នុងចំណោមរមណីយដ្ឋានជាច្រើនក្នុងខេត្តបាត់ដំបង ។

ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិអាចទស្សនា ទស្សនីយភាពហ្វូងសត្វប្រជៀវរាប់លានក្បាល ដែលហោះ ចេញពីល្អាងនាពេលរសៀល និងពេលសាយ័នត្រជាក់។
អ្នកស្រុកតែងតែហៅហ្វូងប្រជៀវទាំងនោះថា “កងទ័ពប្រជៀវដ៍ក្លាហាន” ពីព្រោះការហោះហើររបស់ហ្វូងសត្វប្រជៀវទាំងនោះ ប្រៀបបានទៅនឹងចរន្តទឹកហូរលើផ្ទៃអាកាស។ ជារៀងរាល់ថ្ងៃនៅមុនពេលសូរិយារៀបអស្តង្គត នៅចន្លោះម៉ោង៥៖៣០ នាទី ដល់ម៉ោង៦,១៥នាទីល្ងាច គឺជាពេលវេលាដ៍ជាក់លាក់ ដែលហ្វូងសត្វប្រជៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូង ខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូង ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី មកទស្សនាកម្សាន្តអារម្មណ៍ នៅរមណីយដ្ឋានភ្នំសំពៅ។

ជាមួយទស្សនីយភាពដ៏កម្រនេះ បានធ្វើឲ្យរមណីយដ្ឋានេះទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់រយនាក់ក្នុងមួយថ្ងៃៗ នាំគ្នាអង្គុយរង់ចាំទស្សនាហ្វូងសត្វប្រជៀវរាប់លានក្បាលហើរចេញពីល្អាង ហើយពួកគេសុទ្ធតែបានបង្ហាញពីទឹកមុខរីករាយចំពោះទិដ្ឋភាពដ៍អស្ចារ្យនេះ។ ម្យ៉ាងវិញទៀតហ្វូងសត្វប្រជៀវទាំងអស់នោះ ត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយអាជ្ញាធរមូលដ្ឋាន ។
ប្រជាពលរដ្ឋនៅតំបន់នោះ អ្នកស្រីញឹង ភាព ជាអ្នកទទួលខុសត្រូវយាមល្អាង សត្វប្រជៀវ និងជាអ្នកប្រមូលអាចន៍ប្រជៀវលក់បានអោយដឹងថា ការអភិរក្សសត្វប្រជៀវគឺពិបាកមែនទែន ដោយសារតែមានជនឆ្លៀតឱកាសមកលួចបាញ់ តែមកទល់ពេលបច្ចុប្បន្ននេះ គ្រាន់បើជាងមុនហើយ ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងពីសារប្រយោជន៍របស់វា និងយល់ដឹងអំពីការប្រឈមនឹងផ្លូវច្បាប់។

បើនិយាយពីអត្ថប្រយោជន៍នៃសត្វប្រជៀវទាំងនេះ វាពិតជាមានសារសំខាន់ខ្លាំងណាស់ គឺវាជួយបំផ្លាញសត្វល្អិតចង្រៃដែលបំផ្លាញដំណាំរបស់កសិករ និងអាចម៍របស់វាគេយកធ្វើជាជីទៀតផង ហើយអ្វីដែលពិសេសបំផុតនោះ គឺហ្វូងសត្វប្រជៀវទាំងក្លាយជាផលិតផលទេសចរណ៍ដ៍ទាក់ទាញ ក្នុងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ។ ដោយសារវត្តមានភ្ញៀវទេសចរនេះហើយ បានធ្វើអោយបង្កើនសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការលក់ដូរ ចំណី អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ជាដើម។

ចុះសេវាកម្មដឹកជញ្ជូនវិញយ៉ាងណាដែរ? តាមពិតនៅរមណីយដ្ឋានភ្នំសំពៅមានរថយន្តសម្រាប់ដឹងភ្ញៀវឡើងភ្នំចំនួន៨គ្រឿង ដែលសុទ្ធតែបានមកធ្វើអាជ្ញាបណ្ណនៅមន្ទីរ ទេសចរណ៍ខេត្តបាត់ដំបង។ ចំពោះកត្តាសន្តិសុខវិញ នៅរមណីយដ្ឋានភ្នំសំពៅមានកម្លាំងនគរបាលទេសចរណ៍ចំនួន២រូប និងកម្លាំងប្រជាការពារឃុំចំនួន៦រូប នៅប្រចាំការជារៀងរាល់ថ្ងៃ ដើម្បីរៀបចំថែរក្សា ការពារ សុវត្ថិភាពជូនភ្ញៀវទេសចរ ដែលមកទស្សនាហ្វូងសត្វប្រជៀវ និងមកកម្សាន្តនៅរមណីយដ្ឋានភ្នំសំពៅនេះ៕[:]