ដោយៈ តែម សុខុម
រីយ៉ាដ: រោងចក្រថាមពលអ៊ីដ្រូសែនបៃតង ដ៏ធំបំផុតរបស់ពិភពលោក ស្ថិតក្នុងគម្រោងទីក្រុងឆ្លាតវៃ តម្លៃ៥០០ពាន់លានដុល្លារអាមេរិក នៃប្រទេសអារ៉ាប៊ីសាអូឌីត បានឈានចូលដំណាក់កាលសាងសង់ជាផ្លូវការហើយ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា។
តាមរយៈសេចក្តីថ្លែងការណ៍ ទៅកាន់ផ្សារហ៊ុនអារ៉ាប៊ីសាអូឌីត Tadawul ក្រុមហ៊ុន ACWA Power បញ្ជាក់ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន NEOM Green Hydrogen Co បានចេញសេចក្តីជូនដំណឹងអំពីការ ចាប់ផ្ដើមដំណើរការការងារវិស្វកម្ម លទ្ធកម្ម និងការសាងសង់ដែលត្រូវបានអនុម័តរួចហើយ។
ក្រុមហ៊ុន ACWA Power បានបន្ថែមទៀតថា ការរួមចំណែករបស់ខ្លួនចំនួន៣០០លានដុល្លារ សម្រាប់ការជូនដំណឹងឱ្យចាប់ផ្ដើមដំណើរការការងារនេះ នឹងក្លាយជាផ្នែកមួយ នៃការរួមចំណែកសមធម៌របស់ខ្លួនដល់គម្រោងនេះ។







