អភិបាលខេត្ត ព្រះសីហនុគ្រោងស្នើសុំរាជរដ្ឋាភិបាល ដើម្បីរៀបចំកំពង់ផែទេសចរណ៍ឱ្យក្លាយជាកំពង់ផែខ្នាតអន្តរជាតិនាពេលខាងមុខ

0

(ព្រះសីហនុ)៖ នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដែលជាកំពង់ផែដ៏ធំមួយដែលអាចចេញចូលអូប័រទេសចរណ៍តូចធំ ២០គ្រឿងក្នុងពេលតែមួយ និងជាទីចំណតដ៏សុវត្ថិភាពតែមួយគត់ សក្កិសមជាកំពង់ផែទេសចរណ៍ដ៍មានសក្តានុពលប្រចាំខេត្តព្រះសីហនុ និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេចរទាំងជាតិ និងអន្តរជាតិ។

បើតាមអ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ដោយមានការជំរុញនិងលើកទឹកចិត្តពីរដ្ឋបាលខេត្ត លើវិស័យទេសចរណ៍ផ្លូវទឹក និងទទួលបានការអនុញ្ញាតពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO.LTD បានទទួលសិទ្ធវិនិយោគពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលស្ថិតនៅច្រកទី១ លើផ្ទៃដី ប្រមាណ ២២,០០០ម៉ែត្រការេ និងមានកំពង់ផែដែលអាចចេញចូល អូប័រទេសចរណ៍តូចធំ ២០គ្រឿងក្នុងពេលតែមួយ។ កំពង់ផែមួយនេះគឺជាទីចំណតដ៏សុវត្ថិភាពតែមួយគត់ ដែលមានលក្ខណៈសម្បត្តិពេញលេញ សក្កិសមជាកំពង់ផែទេសចរណ៍ដ៍មានសក្តានុពលប្រចាំខេត្តព្រះសីហនុ។លើកឡើងនាឱកាសនោះដែរឯកឧត្ដម គួច ចំរើន ក៏បានស្នើសុំការគាំទ្រពីឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកការរៀបចំកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ទៅជាកំពង់ផែទេសចរណ៍អន្តរជាតិ ដើម្បីធ្វើការផ្លាស់ប្តូរភ្ញៀវទេសចរមកពី ថៃ និងវៀមណាម និងលំហូរពីបណ្តាប្រទេសដ៏ទៃទៀតឱ្យមានការផ្លាស់ប្តូរទេសចរទៅមកផងដែរ។ ដោយលោកអះអាងថា នាពេលកន្លងមកខេត្តព្រះសីហនុ មិនទាន់មានកំពង់ផែទេសចរណ៍ខ្នាតអន្តរជាតិនៅឡើយទេ ដោយលោកគ្រោងស្នើសុំរាជរដ្ឋាភិបាល ដើម្បីរៀបចំកំពង់ផែនេះឱ្យក្លាយជាកំពង់ផែខ្នាតអន្តរជាតិនាទឹកដីក្រុងព្រះសីហនុនាពេលខាងមុខផងដែរ។លើកឡើងនាឱកាសនោះឯកឧត្ដម ថោង ខុន បានឱ្យដឹងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, កម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមយ៉ាងពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ ដោយត្រូវបានចាត់ទុកថាជា «មាសបៃតង» ដែលបានដើរតួនាទីជាចន្ទល់គន្លឹះមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនចំណូលជូនជាតិ ព្រមទាំងការបង្កើតការងារ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ឯកឧត្ដម ថោង ខុន ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា កំពង់ផែទេសចរណ៍ និងសម្បទាទ្រទ្រង់នៅទីនេះនឹងមិនត្រឹមតែជាសម្បទាទេសចរណ៍ដ៏សំខាន់មួយ ដែលនឹងផ្តល់នូវភាពងាយស្រួល សុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ល្អជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី រួមចំណែកលើកស្ទួយដល់វិស័យទេសចរណ៍តភ្ជាប់ទៅតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការបម្រើនិងផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព និងសុវត្ថិភាព, បង្កើតឱកាសការងារជូនប្រជាពលរដ្ឋ, និងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់កម្ពុជានិយាយជារួម និងមកកាន់ខេត្តព្រះសីហនុ និយាយដោយឡែកឱ្យមកលេងកំសាន្តកាន់តែច្រើន និងពន្យាការស្នាក់នៅកាន់តែយូរថ្ងៃថែមទៀតផងដែរ៕

default

LEAVE A REPLY

Please enter your comment!
Please enter your name here