ប្រទេសថៃដាក់ក្តីសង្ឃឹមទៅលើវិនិយោគិនចិនថ្មីៗសម្រាប់ជំរុញកំណើនឧស្សាហកម្ម

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមប្រឹក្សាវិនិយោគថៃ (BoI) រំពឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន (EV) ចំនួនពីរនឹងជំរុញកំណើន នៃឧស្សាហកម្មរថយន្ត EV របស់ប្រទេសថៃ តាមរយៈការវិនិយោគដែលបានគ្រោងទុកនៅទីនេះ។

ក្រុមហ៊ុន Changan Automobile មុននេះ បានប្រកាសពីការបោះទុនវិនិយោគ៩,៨ពាន់លានបាត ដើម្បីអភិវឌ្ឍរថយន្ត EVs ទៅជា៣ប្រភេទគឺ អាគុយ EVs រថយន្ត plug-in hybrid EVs និងរថយន្ត range-extended EVs។ ចំណែកឯ ក្រុមហ៊ុន Chery Automobile ក៏គ្រោងនឹងធ្វើការវិនិ យោគលើរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសថៃនៅឆ្នាំក្រោយផងដែរ។

លោក Narit Therdsteerasukdi អគ្គលេខាធិការក្រុមប្រឹក្សា BoI បានលើកឡើងថា “ក្រុមហ៊ុនទាំងពីរ គឺជាក្រុមហ៊ុនផលិតរថយន្តធំ។ Changan Automobile គឺជាក្រុមហ៊ុនផលិតរថយន្ត EV ធំជាងគេទី៥នៅក្នុងប្រទេសចិន ខណៈដែលក្រុមហ៊ុនChery Automobile ជាប់ចំណាត់ថ្នាក់ទី៦”

លោកបានជួបនាយកប្រតិបត្តិ នៃក្រុមហ៊ុនទាំងពីរ ខណៈដែល BoI បានរៀបចំកម្មវិធីបង្ហាញផ្លូវចុងក្រោយរបស់ខ្លួន នៅក្នុងទីក្រុង Chongqing និងទីក្រុង Chengdu របស់ប្រទេសចិន ចន្លោះថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា។

កាល​ពី​ដើម​ខែ​មេសាកន្លងទៅ ក្រុម​ប្រឹក្សា​វិនិយោគថៃ(BoI)ក៏បាន​រៀបចំ ធ្វើ​កម្មវិធីបង្ហាញ​ផ្លូវ​នៅក្នុង​ទីក្រុង Guangzhou ក្រុង Shanghai និងក្រុង Shenzhen ផងដែរ។

លោក Narit បានអះអាងទៀតថា “យើងបានជួបជាមួយលោក Zhu Huarong ប្រធានក្រុមហ៊ុន Changan Automobile ដោយក្រុមហ៊ុន​នេះកំពុង​រង់ចាំ​ ការ​យល់ព្រម​ចុងក្រោយ​ពី​រដ្ឋាភិបាល​ចិន ​ក្នុង​ការ​វិនិយោគ​នៅ​ប្រទេស​ថៃ”

រដ្ឋាភិបាលថៃកំពុងព្យាយាមបញ្ចុះបញ្ចូល អ្នកវិនិយោគបរទេសឱ្យវិនិយោគលើរថយន្តអគ្គិសនី ដែលស្ថិតក្នុងចំណោមឧស្សាហកម្មគោលដៅ នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត។

គណៈកម្មាធិការគោលនយោបាយ EV ជាតិបានប្រកាសកាលពីឆ្នាំ២០២១ ថា ខ្លួនមានបំណងជំរុញឱ្យរថយន្ត EVs បង្កើតបាន៥០% នៃយានយន្តដែលផលិតក្នុងស្រុក នៅឆ្នាំ២០៣០ និងជាផ្នែកមួយនៃផែនការមហិច្ឆតា ដើម្បីធ្វើឱ្យប្រទេសថៃ ក្លាយជាមជ្ឈមណ្ឌល EV ក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here