ដោយៈ គង់ សូរិយា
ភ្នំពេញៈ ខណ្ឌទួលគោក ដេញថ្លៃគម្រោងអភិវឌ្ឍន៍ចំនួន១៥ សម្រាប់សង្កាត់ទាំង១០ ដោយមានតម្លៃប្រមាណ១៩២៨លានរៀល។ គម្រោងទាំងនេះមានដូចជា ការដាក់លូ ស្តារលូ ការជួសជុលផ្លូវ និងរៀបការ៉ូឡាជាដើម។
ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣នេះ បានធ្វើឡើង នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក នៅសាលាខណ្ឌទួលគោក។
លោក ហួត ហៃ មានប្រសាសន៍ថា ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ជាការចូលរួមរបស់វិស័យឯកជន តាមរបៀបប្រកួតប្រជែងប្រកបដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជាមូលដ្ឋានគ្រឹះ នៃអភិបាលកិច្ចល្អ ក្នុងការចូលរួមអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតម្រូវការប្រជាពលរដ្ឋនៅតាមគោលដៅរបស់គម្រោង។










