ដោយៈ គង់ សូរិយា
ភ្នំពេញៈ កម្ពុជា និងអូស្រ្តាលី បានកំពុងធ្វើការរួមគ្នា ជំរុញការបង្កើតសួនកសិ-ឧស្សាហកម្ម នៅកម្ពុជាឱ្យបានឆាប់ ដើម្បីជំរុញការផលិត និងកែច្នៃផលិតផលកសិកម្មនៅកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី៦ កក្កដាថា បច្ចុប្បន្ននេះ សភាពាណិជ្ជកម្មកម្ពុជា បាននិងកំពុងធ្វើការរួមគ្នា ជាមួយស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា តាមរយៈអង្គការ កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី(CAVAC) ជំរុញការបង្កើតសួនកសិ-ឧស្សាហកម្មនៅកម្ពុជា ឱ្យបានឆាប់ជាច្រើន គោលដៅដែលអាចធ្វើទៅបាន។
លោកបានគូសបញ្ជាក់ថា “គោលដៅដែលអាចនឹងជ្រើសរើសបង្កើតសួនកសិ-ឧស្សាហកម្មនាពេលនេះ គឺនៅប៉ូលសេដ្ឋកិច្ចពិសេសទី ៤របស់កម្ពុជា គឺស្ថិតនៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា។
-->
លោកបន្ថែមថា សួនកសិ-ឧស្សាហកម្មនេះ គឺជាតម្រូវការរបស់ប្រទេសកម្ពុជា ដែលជាគោលដៅ នៃគោលនយោបាយរបស់កម្ពុជា ដែលបានដាក់ចេញ ដើម្បីបង្កើនឧស្សាហកម្មកែច្នៃ សម្រាប់ផលិតផលកសិកម្មរបស់យើង នៅថ្ងៃអនាគតឱ្យបានកាន់តែច្រើន ជៀសវាងការនាំចេញនូវវត្ថុធាតុដើមទៅទាំងដុល ដោយយើងមិនបានតម្លៃបន្ថែម ក្នុងការកែច្នៃផលិតផលកសិកម្មរបស់យើង ដែលនេះគឺជាយុទ្ធសាស្រ្តសម្រាប់ប្រទេសកម្ពុជាយើង។
លោកបន្ថែមថា នៅថ្ងៃទី១០ ខែកក្កដាខាងមុខ ប្រេសិតពិសេសរបស់អូស្រ្តាលី ទទួលបន្ទុកផ្នែកអាស៊ីអាគ្នេយ៍ នឹងមកទស្សនកិច្ចនៅកម្ពុជា។ ក្នុងឱកាសនោះដែរអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា នឹងដឹកនាំប្រតិភូសភាពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយលោក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងអូស្រ្តាលី លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលក្នុងកិច្ចពិភាក្សានេះ នឹងលើកយកបញ្ហាសួនកសិ- ឧស្សាហកម្មនេះ ទៅជជែកពិភាក្សាផងដែរ ដើម្បីជំរុញឱ្យសួនកសិ-ឧស្សាហកម្មនេះ អាចបង្កើតបាននៅតាមតំបន់នានា ដែលអាចបង្កើតបាន។
ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានលើកឡើងថា ប្រទេសអូស្ត្រាលីកំពុងគាំទ្រ រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសួនកសិ-ឧស្សាហកម្មនៅកម្ពុជា ដែលសួនកសិ-ឧស្សាហកម្មនេះ នឹងជួយបង្កើននូវតម្លៃបន្ថែម លើផលិតផលកសិកម្ម និងការនាំចេញរបស់កម្ពុជា។
សួននេះផងដែរ ត្រូវបានគេរំពឹងថា នឹងចូលរួមចំណែកចំនួន៥.១ ពាន់លានដុល្លារអាមេរិក ដល់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០៤៥ និងបង្កើតការងារថ្មីរហូតដល់១០ម៉ឺនកន្លែង ដែលជាងពាក់កណ្តាលការងារទាំងនេះនឹងជារបស់ស្ត្រី។
ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានលើកឡើងបន្តថា សួនកសិ-ឧស្សាហកម្ម នឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់ការកែច្នៃ ការស្រាវជ្រាវ និងការអភិវឌ្ឍកសិផល ការកសាងសមត្ថភាព ហើយកំពុងត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវកន្លែងធ្វើការ និងបរិស្ថានប្រកបដោយបរិយាបន្ន សុវត្ថិភាព ជាពិសេសសម្រាប់ស្ត្រី និងបុគ្គលិកដែលមានភាពខ្វះខាត។
កាលពីខែមេសាកន្លងមកនេះ កម្មវិធីភាពជាដៃគូ អូស្ត្រាលី កម្ពុជា ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានរៀបចំដំណើរទស្សនកិច្ច សម្រាប់សមាជិកគណៈកម្មាការសួនកសិ-ឧស្សាហកម្ម (AIP) របស់កម្ពុជាទៅកាន់ទីក្រុងម៊ែលប៊ន និងទីក្រុងភើត ដើម្បីពិនិត្យមើលសួនកសិ-ឧស្សាហកម្មនានារបស់អូស្ត្រាលី និងស្វែងយល់អំពីប្រព័ន្ធអេកូឡូស៊ី សួនកសិ-ឧស្សាហកម្ម រួមទាំងការកែច្នៃចំណីអាហារ ការបង្កើនបរិយាកាសធុរកិច្ច និងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងប្រទេសអូស្ត្រាលី។
យោងតាមរបាយការណ៍ របស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ដែលបានបង្ហាញកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា កសិផលកម្ពុជាមិនទាន់កែច្នៃប្រមាណ៩០% ត្រូវបានលក់ទៅតាមបណ្តាប្រទេសជិតខាងក្នុងតំបន់អាស៊ាន ហើយប្រទេសទាំងនោះ បានយកទៅកែច្នៃជាផលិតផល មានតម្លៃជាងកសិផលដើម ដូចជា ច្នៃធ្វើទៅជា តំណាប់ ទឹកផ្លែឈើ នំស្រួយ អាហារទារក ម្សៅ និងជីវឥន្ធនៈ ជាដើម។នៅត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញកសិផលទៅទីផ្សារអន្តរជាតិ ក្នុងបរិមាណសរុបជាង២.៥លានតោន ដែលមានតម្លៃជាង១.៣ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម៕
គួរបញ្ជាក់ដែរថា ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែនបានសម្រេចបង្កើតប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា គ្របដណ្ដប់លើខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងប៉ៃលិន៕