ដោយ: គង់ លាងហួរ
ភ្នំពេញ: ធនាគារជាតិនៃកម្ពុជា(NBC) បានឱ្យដឹងនៅក្នុងរបាយការណ៍មួយ បានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី (FTAs) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគ ផ្ទាល់ពីបរទេសកាន់តែច្រើនចូលមកកម្ពុជា។
យោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា “ដោយសារកិច្ចព្រមព្រៀង RCEP និង FTAs ទ្វេរភាគី កម្ពុជានឹងអាចទាក់ទាញ បានការវិនិយោគបន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដែលនឹងជួយជំរុញដល់ផលិតភាព និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច”។
-->
ជាក់ស្តែង កម្ពុជាបានទាក់ទាញលំហូរវិនិយោគ ទ្រព្យសកម្មថេរក្នុងទឹកប្រាក់ ចំនួន៤,៦៨ពាន់លានដុល្លារក្នុងឆ្នាំ២០២២ កើនឡើង៧,៥ភាគរយ បើធៀបនឹង៤,៣៥ពាន់លានដុល្លារនៅឆ្នាំ២០២១។
របាយការណ៍ដដែលបានឱ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករថា នឹងកើនឡើង៥,៦ភាគរយនៅឆ្នាំនេះ បន្ទាប់ពីកើនឡើង៥,២ភាគរយនៅឆ្នាំ២០២២ ដែលជំរុញដោយការនាំចេញសម្លៀកបំពាក់ ផលិតផលមិនមែនកាត់ដេរ ការងើបឡើងវិញយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍ កំណើនដ៏រឹងមាំក្នុងការដឹកជញ្ជូន រួមទាំងទំនាក់ទំនង និងកសិកម្ម។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP និង FTAs នឹងជួយកម្ពុជាឱ្យផុតពីឋានៈប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧ និងសម្រេចបានគោលដៅក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកបានប្រាប់សារពត៌មានស៊ីនហួថា “កិច្ចព្រមព្រៀង RCEP រួមជាមួយនឹង FTAs ទ្វេរភាគីមិនត្រឹមតែផ្តល់ការជំរុញ ដល់កំណើនពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាមេដែកទាក់ទាញ លំហូរវិនិយោគផ្ទាល់ពីបរទេសផងដែរ”។
ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា លោក សុខ ស៊ីផាន់ណា ធ្លាប់មានប្រសាសន៍ថា RCEP គឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលមានសក្តានុពល ក្នុងការរៀបចំអនាគតនៃពាណិជ្ជកម្ម ក្នុងតំបន់ ដោយបើកឱកាសសម្រាប់កំណើន និងការអភិវឌ្ឍ។

លោកបានថ្លែងនៅក្នុងវេទិកា RCEP នាពេលថ្មីៗនេះនៅរាជធានីភ្នំពេញថា “ទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្ររបស់កម្ពុជា រួមជាមួយនឹងកម្លាំងពលកម្មវ័យក្មេង និងសកម្ម បានធ្វើឱ្យកម្ពុជាក្លាយជាទិសដៅវិនិយោគ ដ៏ទាក់ទាញនៅក្នុងក្របខ័ណ្ឌ RCEP”។
លោកសុខ ស៊ីផាន់ណា បានមានប្រសាសន៍ថា “ជាមួយមូលដ្ឋានផលិតកម្ម ដែលមានភាពប្រកួតប្រជែង និងលក្ខខណ្ឌអនុគ្រោះពន្ធពាណិជ្ជកម្ម ដែលផ្តល់ដោយកិច្ចព្រមព្រៀង RCEP កម្ពុជាមានទីតាំងល្អក្នុងការទាក់ទាញការវិនិយោគ និងពង្រីកទីផ្សារនាំចេញរបស់ខ្លួន”។
លោក Joseph Matthews សាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ប្រចាំនៅទីក្រុងភ្នំពេញ មានប្រសាសន៍ថា កិច្ចព្រមព្រៀងRCEP និង FTAs ទ្វេរភាគីផ្សេងទៀតនឹងអនុញ្ញាតឱ្យកម្ពុជា អាចនាំចេញទំនិញទៅកាន់ទីផ្សារធំៗ ជាមួយនឹងសម្បទានពន្ធ។

លោកបញ្ជាក់ថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះ រួមជាមួយនឹងច្បាប់វិនិយោគ ដ៏អំណោយផលរបស់កម្ពុជា គឺជាគន្លឹះក្នុងការទាក់ទាញលំហូរវិនិយោគផ្ទាល់ ពីបរទេសមកកម្ពុជា ក្នុងយុគសម័យក្រោយជំងឺរាតត្បាតកូវីដ-១៩”៕