ដោយៈ ហ្វីអូណា
ព្រះសីហនុៈ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុគឺជាគម្រោងសហប្រតិបត្តិការដ៏សំខាន់ រវាង ចិននិងកម្ពុជា ក្នុងក្របខ័ណ្ឌ”ខ្សែក្រវាត់និងផ្លូវ” ដោយបានបង្កើតការងារ ជូនប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់។
លោកលាវ លានឈី (Liu Lianchi )អនុប្រធានគ្រប់គ្រងទៅ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា គំនិតផ្ដួចផ្ដើម” ខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា បានបន្ស៊ាំគ្នាយ៉ាងខ្លាំង។
លោកបន្តថា “ក្នុងនាមជាគម្រោង នៃកិច្ចសហប្រតិបត្តិការសំខាន់រវាងប្រទេសកម្ពុជា និងប្រទេសចិន តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ នឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីចូលរួមចំណែកក្នុងការ កសាងសហគមន៍ ជោគវាសនាកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី”។
-->
ជាមួយគ្នានេះ កញ្ញា ហ័ង ហ័នហ័រ (Huang Huanhua )អនុប្រធានគ្រប់គ្រងទូទៅ នៃតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុម្នាក់ទៀតបានប្រាប់ឱ្យដឹង កាលពីពេលថ្មីៗនេះផងដែរថា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ មានសហគ្រាស និងអង្គភាពចំនួន១៧៥ដែលមកពីប្រទេសចិន អឺរ៉ុប និង អាមេរិក និងអាស៊ីអាគ្នេយ៍ជាដើម ហើយបានផ្តល់ឱកាសការងារចំនួនជិត៣ម៉ឺននាក់ ជូនប្រជាជនកម្ពុជា។
កញ្ញាបន្តថា “ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសយើងខ្ញុំ មានផ្ទៃដីប្រហែល១១១៣ហិកតា។ បច្ចុប្បន្នយើងបានអភិវឌ្ឍន៍ បានជិត៦០០ហិកតាហើយ”។ កញ្ញាបន្តថា “បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានក្រុមហ៊ុន សហគ្រាសចំនួន១៧៥ក្រុមហ៊ុន ហើយកំពុងដំណើរការ ក្នុងនោះ៧០ភាគរយ ជាក្រុមហ៊ុនមកពីប្រទេសចិន និង៣០ភាគរយទៀតមកពីអាមេរិក បារាំង អង់គ្លេស កូរ៉េ ជប៉ុន”។
កាលពីឆ្នាំ២០១៦ មុនពេលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា ក្នុងអត្ថបទ ដែលចុះផ្សាយនៅប្រព័ន្ធសារព័ត៌មានកម្ពុជា ឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា។ នៅឆ្នាំ២០១៨ ពេលចូលរួមវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ”ខ្សែក្រវាត់និងផ្លូវ” លើកទី២ដែលរៀបចំធ្វើនៅទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាបានថ្លែងកោតសរសើរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគំរូនៃសមិទ្ធផលដ៏ធំធេង ក្នុងកិច្ចសហប្រតិបត្តិការ”ខ្សែក្រវាត់និងផ្លូវ”រវាងកម្ពុជានិងចិន។
ក្រៅពីនេះតាំងពីឆ្នាំ២០០៨មក តំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានពន្លឿនការកសាងឥតឈប់ឈរ ដែលបានក្លាយទៅជាតំបន់ សេដ្ឋកិច្ចពិសេសអន្តរជាតិរបស់កម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធពេញលេញទាំងផ្នែកផលិតកម្ម និង ជីវភាពរស់នៅ៕