ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យពាណិជ្ជកម្មសកល Cushman និង Wakefield បានអះអាងថា ការជួលផ្ទះនៅក្រុងហុងកុងត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងនៅក្នុងឆមាសទីពីរ ឆ្នាំ២០២៣នេះ ទោះបីជាការប្រែប្រួលនៃតម្លៃផ្ទះ នៅតែបន្តកើតមានយ៉ាងណាក្តី។
ដំបូង ទីផ្សារលំនៅដ្ឋានបានមើលឃើញ ពីការងើបឡើងវិញនៃតម្លៃផ្ទះ បន្ទាប់ពីព្រំដែនទីក្រុងហុងកុង ជាមួយចិនដីគោកត្រូវបានបើកឡើងវិញកាលពីខែកុម្ភៈ។ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយក្រុមហ៊ុន Cushman កាលពីថ្ងៃព្រហស្បតិ៍។
របាយការណ៍បានបន្តថា តម្លៃផ្ទះសម្រាប់ស្នាក់នៅយូរ បានកើនឡើង៤,៩ភាគរយ ក្នុងរយៈពេល៥ខែចុងក្រោយនេះ ទោះបីជាសន្ទស្សន៍តម្លៃផ្ទះ បានកត់ត្រាការធ្លាក់ចុះ ជាលើកដំបូងរបស់ខ្លួនក្នុងខែឧសភាយ៉ាងណាក្តី។
លោកស្រី Rosanna Tang នាយកប្រតិបត្តិ និងជាប្រធានផ្នែកស្រាវជ្រាវនៅ Cushman បានលើកឡើងថា “អត្រាការប្រាក់ខ្ពស់ដ៏ជាប់លាប់ ការប្រែប្រួលទីផ្សារភាគហ៊ុនថ្មីៗ និងភាពតានតឹងភូមិសាស្ត្រនយោបាយ សុទ្ធតែមានទម្ងន់ទៅលើមនោសញ្ចេតនា និងអាចកាត់បន្ថយការងើបឡើងវិញនៃតម្លៃលំនៅដ្ឋាន”។
លោកស្រី Rosanna Tang បានបន្តថា ម្យ៉ាងវិញទៀត ទីផ្សារជួលផ្ទះ បានរាយការណ៍ពីកំណើនឡើងវិញ ចាប់តាំងពីមានការបើកព្រំដែនឡើងវិញ ហើយទីផ្សារជួល ក៏បានទទួលផលប្រយោជន៍ពីគម្រោង Top Talent Pass Scheme ដែលជាកត្តាទាក់ទាញក្រុមអ្នកដែលមានទេពកោសល្យជាច្រើន មកកាន់ទីក្រុងហុងកុងផងដែរ៕






