ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ កម្ពុជាសម្រេចការនាំចេញរបស់ខ្លួន ទៅកាន់ទីផ្សារប្រទេសនានា ក្នុងពិភពលោកបានក្នុងទំហំទឹកប្រាក់ ប្រមាណ៩ ១៨៣លានដុល្លារ នារយៈពេល៥ខែមកនេះនៃឆ្នាំ២០២៣។ ក្នុងនោះ សហរដ្ឋអាមេរិក គឺជាទីផ្សារឈរនៅលំដាប់ទី១របស់កម្ពុជា ខណៈស្ថិតប្រទេសចិន គឺស្ថិតនៅលំដាប់ទី៣។
យោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញ ជាមួយប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា គិតចាប់ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២៣ កម្ពុជានាំទំនិញទៅកាន់ផ្សារសហរដ្ឋអាមេរិក មានទំហំជិត ៣ ១៩៨លានដុល្លារ។ នេះទីផ្សារធំបំផុតរបស់កម្ពុជា ស្ថិតក្នុងលំដាប់ទី១។
-->
លំដាប់ពី២នោះ ជាទីផ្សារប្រទេសវៀតណាម មានទំហំនាំចេញជាង១៣២៣លានដុល្លារ និងលំដាប់លេខ៣ គឺជាប្រទេសចិនដែលមានទំហំនាំចេញជិត៥៨៩លានដុល្លារ។
ផ្អែកលើស្ថិតិដដែល សហរដ្ឋអាមេរិក ជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា។ ទំនិញដែលត្រូវនាំចេញទៅប្រទេសនេះ មានសម្លៀកបំពាក់ កាបូបដៃ និងស្បែកជើង ជាដើម។
កាលពីថ្ងៃទី៥កក្កដា ក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការ សំដៅបង្កើនទំហំពាណិជ្ជកម្ម វិនិយោគទុន និងបង្កើតឱកាសការងារបន្ថែមទៀត រវាងប្រទេសទាំងពីរ។
នាជំនួបនោះ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសម្តែងនូវការពេញចិត្តនូវគម្រោង ដែលមានកាន់តែប្រសើរនៅកម្ពុជា ក្នុងការជំរុញឱ្យការបញ្ជទិញ ពីទីផ្សារអាមេរិកកាន់តែច្រើន។ លោកបានបញ្ជាក់ថា កំណើនេះ គឺកើនទាំងបរិមាណផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង។
កាលពីឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា -សហអាមេរិកសម្រេចបានទំហំ៩២៨១លានដុល្លារ ដែលក្នុងនោះមានការនាំចេញមាន៨៩៦៨លានដុល្លារ។ ទំនិញប្រភេទសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលមានកម្ពុជា នាំចេញទីផ្សារអាមេរិកមាន២២០០លានដុល្លារ, គ្រឿងប្រដាប់ប្រដា សម្រាប់ធ្វើដំណើរកាបូបដៃមានទំហំទឹកប្រាក់១៤៤១លានដុល្លារ ម៉ាស៊ីន និងឧបករណ៍អគ្គិសនីមាន១ ២៩៦លានដុល្លារ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំគឺមាន៩៦២លានដុល្លារ និងសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំមានទំហំ៥៧០លានដុល្លារ។
ចំណែកទំហំដែលកម្ពុជានាំចូលពីអាមេរិក ក្នុងឆ្នាំ២០២២វិញ គឺមានយានយន្តក្រៅអយស្ន័យយាន ឬអយរអគ្គិសនីក្នុងទំហំទឹកប្រាក់ ១១៣លានដុល្លារ កាកសំណល់ពីឧស្សាហកម្មម្ហូបអាហារមាន៣៦លានដុល្លារ ម៉ាស៊ីន និងបរិធានមេកានិក សម្ភារៈអគ្គិសនីមាន២៣លានដុល្លារ, ឧបករណ៍ និងបរិធានអុកទិកសម្រាប់វេជ្ជ ឬការវះកាត់មាន១៤ដុល្លារ និងផលិតឱសថ មាន៧លានដុល្លារ។ នេះបើយោងតាមស្ថិតិរបស់ក្រសួងពាណិជ្ជកម្ម៕