ដោយ: គង់ លាងហួរ
ភូកេត: កិច្ចខិតខំប្រឹងប្រែងមួយកំពុងដំណើរការឡើង ដើម្បីធ្វើឱ្យកោះភូកេតក្លាយជាទីក្រុង ដែលមានសុវត្ថិភាពបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីកើតមានឧប្បត្តិហេតុមួយចំនួន ទាក់ទងនឹងភ្ញៀវទេសចរអន្តរជាតិ។
លោក Danai Sunantarod អភិបាលរងខេត្តទេសចរណ៍ ភូកេត បានបង្ហាញពីគោលបំណងនេះឡើង នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រសប្តាហ៍មុន ជាមួយក្រុមអ្នកតំណាងនៃដំណើរកម្សាន្ត និងទីភ្នាក់ងារទេសចរណ៍នានា។
កិច្ចពិភាក្សាស្តីអំពីសន្តិសុខនេះ បានគូសបញ្ជាក់ពីឧប្បត្តិហេតុថ្មីៗជាច្រើន ដែលបានកើតឡើងនៅលើកោះភូកេត និងបានក្លាយជាមូលហេតុនៃការព្រួយបារម្ភ។
-->
កាលពីខែឧសភា ទូកល្បឿនលឿនមួយបានបុកបង្គោលថ្មនៅឆ្នេរ Chalong បណ្ដាលឲ្យមនុស្សចំនួន៣៥នាក់បានរងរបួស ដែលភាគច្រើនជាភ្ញៀវទេសចររុស្ស៊ី ខណៈអ្នកបើកទូកត្រូវបានគេជឿថា កំពុងងងុយដេក។
កាលពីខែកុម្ភៈ លោក Danai បាននិយាយថា ភ្ញៀវទេសចរចិនម្នាក់បានរងរបួស ក្នុងការវាយប្រហារដោយកាំបិត ពីសំណាក់ភ្នាក់ងារទេសចរណ៍ម្នាក់ បន្ទាប់ពីមានការខ្វែងគំនិតគ្នា លើការសងប្រាក់វិញសម្រាប់ការធ្វើដំណើរមួយថ្ងៃ ដែលភ្ញៀវទេសចរបានខកខាន។ លោកបានបន្តថា ភ្ញៀវទេសចរដែលលង់ទឹក នៅកោះភូកេតក៏ក្លាយជាសំណួរអំពីសុវត្ថិភាពផងដែរ។
លោក Danai បានបញ្ជាក់ថា “យើងត្រូវរៀនសូត្រអំពីឧប្បត្តិហេតុទាំងនេះ។ យើងចង់ធ្វើឱ្យផ្ទះរបស់យើង មានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចររបស់យើង ហើយយើងចង់ប្រែក្លាយកោះនេះ ទៅជាទីក្រុង ដែលមានសុវត្ថិភាពបំផុតនៅក្នុងតំបន់”។លោកបានបន្ថែមថា វិស័យឯកជន និងសាធារណៈត្រូវសហការគ្នា ដើម្បីធានាសុវត្ថិភាពរបស់ភ្ញៀវទេសចរ ចំណែកមន្ត្រីនគរបាលត្រូវអនុវត្តច្បាប់។
លោកបានអះអាងទៀតថា យើងនឹងរឹតបន្តឹងវិធានការសុវត្ថិភាពនានា ព្រោះយើងមិនចង់ឱ្យមានពួកអ្នកឆបោក នៅភូកេតនោះទេ ដោយលោកសំដៅទៅលើករណីពាក់ព័ន្ធ នឹងភ្ញៀវទេសចរជនជាតិចិន។
លោកបានមានប្រសាសន៍ថា “យើងក៏ចង់ឱ្យប្រតិបត្តិករទេសចរណ៍លុបបំបាត់ប្រព័ន្ធកំណត់តម្លៃផងដែរ ព្រោះវាធ្វើឱ្យភ្ញៀវរបស់យើងមានអារម្មណ៍មិនល្អ ដោយលោកសំដៅលើប្រព័ន្ធ ដែលភ្ញៀវបរទេស រួមទាំងជនបរទេស ត្រូវបានគិតប្រាក់ច្រើនជាងជនជាតិថៃ សម្រាប់សេវាកម្មនានា”៕