ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមទិន្នន័យឧស្សាហកម្មបានបង្ហាញថា ការវិនិយោគទ្រព្យសកម្មថេរ ទៅលើផ្លូវដែករបស់ប្រទេសចិន បានហក់ឡើងរហូតដល់ទៅ៦,៩ភាគរយ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ខណៈដែលប្រទេសនេះ បានបង្កើនការសាងសង់ផ្លូវដែកបានជឿនលឿនជាលំដាប់។
នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មានចិន Xinhua កាលពេលថ្មីៗកន្លងទៅនេះ។យោងតាមទិន្នន័យពីក្រុមហ៊ុន China State Railway Group Co., Ltd. បានបង្ហាញថា ការវិនិយោគផ្លូវដែកទ្រព្យសកម្មថេរសរុបមានទំហំទឹកប្រាក់ចំនួន៣០៤,៩ពាន់លានយ័ន (ប្រហែល៤២,៣ពាន់លានដុល្លារអាមេរិក)។
យោងតាមក្រុមហ៊ុនខាងលើនេះ បានបន្តឱ្យដឹងទៀតថា ខ្លួនបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកទំនើប ហើយវឌ្ឍនភាពនានា ត្រូវបានសម្រេចឡើងលើគម្រោងសំខាន់ៗជាច្រើន ក្នុងអំឡុងពេលរាយការណ៍។
ក្រុមហ៊ុន China State Railway Group បានបេជ្ញាចិត្តថា ខ្លួននឹងបន្តគាំទ្រ ដល់ការអនុវត្តយុទ្ធសាស្ត្រសំខាន់ៗរបស់ប្រទេស និងការងារដើម្បីចាក់បញ្ចូលភាពរឹងមាំ ទៅក្នុងការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ច និងសង្គម៕






