តែម សុខុម
ប៉េកាំងៈ ធនាគារកណ្តាលនៃប្រទេសចិន កាលពីថ្ងៃច័ន្ទ ទី១០ ខែកក្កដា បានសម្រេចបន្តគោលនយោបាយមួយចំនួនក្នុងកញ្ចប់សង្គ្រោះខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីពង្រឹងវិស័យអចលនទ្រព្យក្នុងប្រទេសចិន ឡើងវិញ។
ចំណាត់ការនេះធ្វើឡើង ខណៈការជួយគាំទ្រនាពេលបច្ចុប្បន្នសម្រាប់វិស័យនេះមិនទទួលបានជោគជ័យ ហើយទីផ្សារនានាសង្ឃឹមថានឹងមានការដាក់ចេញវិធានការស្តារបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។
-->
កាលពីខែវិច្ឆិកា ឆ្នាំមុន ធនាគារកណ្ដាលចិន បានចេញសេចក្តីជូនដំណឹងមួយដែលបង្ហាញពីវិធានការចំនួន១៦ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យដែលកំពុងជួបវិបត្តិសាច់ប្រាក់ រួមទាំងការពន្យារពេលការសងប្រាក់កម្ចីផងដែរ ដើម្បីជួយបន្ធូរបន្ថយវិបត្តិសាច់ប្រាក់ដែលបានញាំញីវិស័យនេះចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០។
ធនាគារកណ្ដាលចិន បានចេញសេចក្តីថ្លែងការណ៍មួយថា គោលនយោបាយដែលត្រូវបានពង្រីកបន្ថែមនេះលើកទឹកចិត្តឱ្យស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនអចលនទ្រព្យធ្វើការចរចាគ្នាដោយឯករាជ្យ និងជួយគាំទ្រយ៉ាងសកម្មដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យតាមរយៈការរំកិលប្រាក់កម្ចី ដែលមានស្រាប់ និងការកែសម្រួលលក្ខខណ្ឌទូទាត់សងវិញ។
ធនាគារដដែលបានបន្ថែមថា ការពន្យាររយៈពេល១ឆ្នាំបន្ថែមទៀតចំពោះប្រាក់កម្ចីមានស្រាប់ប្រភេទនេះដែលនឹងត្រូវសងមុនដំណាច់ឆ្នាំ២០២៤ ត្រូវបានអនុញ្ញាត។
វិធានការ និងគោលនយោបាយដែលគ្មានកាលកំណត់ច្បាស់លាស់នានានៅតែមានប្រសិទ្ធភាពអនុវត្តន៍នៅឡើយ។ បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ដែលជំពាក់បំណុលជុំទិសរបស់ប្រទេសចិន កំពុងជួបការរំបាកយ៉ាងខ្លាំងក្នុងការរៃអង្គាសថវិកា និងការលក់ផ្ទះ ដែលជំរុញឱ្យអ្នកទិញផ្ទះនាំគ្នាធ្វើពហិកាមិនសងបំណុលរំលស់ផ្ទះដែលពួកគេបានទិញ៕ Reuters៕