វៀតណាម ក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ទូទាំងតំបន់អាស៊ាន

0

តែម សុខុម

ហាណូយ: វៀតណាម បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ាន ខណៈពាណិជ្ជកម្មទ្វេភាគីបានគ្របដណ្ដប់ជិត៥០%នៃពាណិជ្ជកម្មសរុបរវាងកម្ពុជា និងបណ្ដាប្រទេសសមាជិកអាស៊ាន ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣។

អំឡុងរយៈពេល៥ខែនេះ ពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា បានកើនឡើងលើស២,៨ពាន់លានដុល្លារ ដោយកើនឡើងជិត៣%ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១០ ខែកក្កដា។

ក្រសួងពាណិជ្ជកម្មកម្ពុជា ឱ្យដឹងថា កម្ពុជា បាននាំចេញទំនិញក្នុងទំហំប្រមាណ១,៣ពាន់លានដុល្លារ ទៅកាន់ប្រទេសវៀតណាម និងបាននាំចូលទំនិញសរុបជាង១,៥ពាន់លានដុល្លារ ពីប្រទេសវៀតណាម។

ជាមួយនឹងកំណើនពាណិជ្ជកម្មជាវិជ្ជមានបែបនេះ វៀតណាម មិនត្រឹមតែជាដៃគូពាណិជ្ជកម្មធំជាងគេនៅក្នុងអាស៊ាន ប៉ុណ្ណោះទេ ថែមទាំងជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមដៃគូពាណិជ្ជកម្មទាំងអស់របស់កម្ពុជា ផងដែរ បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក អំឡុងពេលនេះ។

កំណើននៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសវៀតណាម ត្រូវបានជំរុញជាចម្បងដោយការនាំចេញកសិផលដោយសារការប្រមូលផលកើនឡើង។ ការនាំចេញសំខាន់ៗរបស់កម្ពុជា រួមមានស្រូវអង្ករ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ និងធនធានធម្មជាតិ។

ទន្ទឹមនឹងនោះ ការនាំចូលសំខាន់ៗពីប្រទេសវៀតណាម រួមមានសម្ភារៈសំណង់ គ្រឿងចក្រ ប្រេងឥន្ធនៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិច ជីកសិកម្ម គ្រឿងទេស បន្លែ និងផ្លែឈើជាដើម៕ VN Express៕

LEAVE A REPLY

Please enter your comment!
Please enter your name here