ដោយៈ គង់ ហ្វីអូណា
ព្រះសីហនុៈ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន អញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
តាមតំណាងក្រុមហ៊ុនX.WATER បានឱ្យដឹងថា ដំណើរការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) បានប្រព្រឹត្តដោយរលូនតាមផែនការគ្រោងទុក មកដល់បច្ចុប្បន្នការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ សម្រេចបាន៩៨ភាគរយ និងអាចបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ក្រុមហ៊ុនកំពុងនឹងរៀបចំធ្វើត្តេសសាកល្បងនៅចុងខែកក្កដា ២០២៣ មុនដឹងដាក់ឱ្យដំណើរការជាផ្លូវការ។ អាងប្រពឹ្រត្តកម្មទឹកកខ្វក់នេះ វាមានសមត្ថភាពផលិតទឹកកខ្វក់ក្នុងមួយថ្ងៃ២០,០០០ម៉ែត្រគូប។ការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យាចុងក្រោយ MABR និងត្រូវបានទទួលស្គាល់ថា ជាបច្ចេកវិទ្យាដែលមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់ សន្សំ សំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។
ជាពិសេសការបញ្ចេញកាក សំណល់ប្រើប្រាស់ដែលមានចំនួនច្រើន និងមានសារធាតុពុល អាចបង្កផលប៉ះពាល់ដល់បរិស្ថានជុំវិញ មានដូចជាមនុស្ស សត្វ រុក្ខជាតិ ជីវចម្រុះ និងឆ្នេរសមុទ្រខេត្តព្រះសីហនុ។ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្ម ទឹកកខ្វក់ក្នុងបរិមាណ៥.២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងបរិមាណ៧.២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី៤៨៦ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។
ស្ថានីយទឹកកខ្វក់ទី១ និងទី២ បានដាក់ឱ្យដំណើរការ ចំណែកស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលកំពុងសាងសង់សម្រេចបាន ៩៨ភាគរយ វាមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងបរិមាណ ២០,០០០ម៉ែត្រ គូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី២.៦៩០ហិកតា ស្ថិតក្នុងសង្កាត់ លេខ៤ ដែលសាងសង់ដោយក្រុមហ៊ុន X.WATER TECHNOLOGY CO.,LTD។តាមការឱ្យដឹង ក្រៅពីស្ថានីយប្រព្រឹត្តិកម្ម ទឹកកខ្វក់ទាំង៣ខាងលើ ខេត្តព្រះសីហនុ នៅមានស្ថានីយបូមទឹកកខ្វក់ចំនួន៧ទីតាំងផ្សេងទៀត ក្នុងនោះ៤ទីតាំង ស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង៣ទីតាំងទៀត ស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយច្រោះសម្អាត ទឹកកាកសំណល់ ក្នុងក្រុងព្រះសីហនុ (១៦ហិកតា)។
អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា៕