ដោយៈ តែម សុខុម
ឌូបៃ: តម្លៃអចលនទ្រព្យប្រភេទលំនៅឋាន ក្នុងទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត ក្នុងឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា បានហក់ឡើងលឿនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ ដោយឡើងថ្លៃ១៦,៩% ខណៈថ្លៃឈ្នួលជាមធ្យមបានហក់ឡើង២២,៨%។
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងកាលពីថ្ងៃអង្គារ ទី១១ ខែកក្កដា ថា តម្លៃអាផាតម៉ិនជាមធ្យមក្នុងមួយម៉ែត្រការ៉េ បានឈានដល់ជាង៣.៥០០ដុល្លារអាមេរិក ហើយផ្ទះវីឡាបានហក់ឡើងជាង៤.១៥០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។
ទីក្រុងឌូបៃ ទីដែលមានអគារខ្ពស់កប់ពពកខ្ពស់ បំផុតរបស់ពិភពលោក និងកោះសិប្បនិមិត្ត ដែលមានរាងដូចដើមដូង បានក្លាយជាទីក្រុងមួយ ក្នុងចំណោមទីក្រុងដែលរីកចម្រើនលឿនបំផុត ជាមួយនឹងប្រជាជន មានចំនួន៣,៦លាននាក់គិតត្រឹមថ្ងៃទី៥ ខែកក្កដា។ នេះបើយោងតាមមជ្ឈមណ្ឌលស្ថិតិ។
ទីផ្សារអចលនទ្រព្យក្រុងឌូបៃ បានរីកដុះដាលខ្លាំង បន្ទាប់ពីសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ បានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស និងច្បាប់លំនៅឋានដែលមានការបន្ធូរបន្ថយច្រើនជាងមុន។
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE ឱ្យដឹងថា កាលពីខែមិថុនា លំនៅឋានចំនួន៩.៨៧៦យូនីត ត្រូវបានលក់ចេញ ដោយកើនឡើង១៨,៨%ធៀបនឹងឆ្នាំមុន ជាមួយនឹងការលក់ក្រៅផែនការកើនឡើង៤៤,៩%។
ថ្លៃឈ្នួលជាមធ្យមបានកើនឡើង២២,៨% ក្នុងឆ្នាំនេះគិតត្រឹមថ្ងៃទី៣០ ខែមិថុនា បើធៀបនឹងការហក់ឡើងថ្លៃ២៤,២% គិតត្រឹមដំណាច់ខែឧសភា៕ Reuters៕