ដោយៈ តែម សុខុម
ក្រុង LIMASSOL: កាស៊ីណូដ៏ធំបំផុតនៅអឺរ៉ុប បានបើកដំណើរការក្នុងប្រទេសសាយប្រឺស(Cyprus) ដែលជាប្រទេសដែនកោះនៅសមុទ្រមេឌីទែរ៉ាណេ (Mediterranean Sea) កាលពីថ្ងៃអង្គារ ទី១១ ខែកក្កដា ដោយអាជ្ញាធរសង្ឃឹមថា វានឹងទាក់ទាញភ្ញៀវទេសចរអ្នកមានបាន៣០០.០០០នាក់ក្នុងមួយឆ្នាំៗ។
កាស៊ីណូដែលមានឈ្មោះថាCity of Dreams Mediterranean ខាងលើនេះ គឺជាគំនិតរបស់ក្រុមហ៊ុនល្បែងស៊ីសង Melco ដែលមូលដ្ឋាននៅទីក្រុងហុងកុង។
-->
លោក Lawrence Ho នាយកប្រតិបត្តិក្រុមហ៊ុននេះនិយាយថា លោកបាននឹកឃើញគំនិតសាងសង់ កាស៊ីណូនេះជាលើកដំបូង នៅពេលលោក ទៅចូលរួមពិធីមង្គលការមួយ នៅក្នុងប្រទេសសាយប្រឺសកាលពី១៦ ឆ្នាំមុន។
កាស៊ីណូនេះ ដែលស្ថិតនៅក្នុងទីក្រុង ឆ្នេរភាគខាងត្បូង Limassol នេះបានចំណាយពេល៣ឆ្នាំ ក្នុងការសាងសង់ដោយចំណាយអស់ទឹកប្រាក់ ប្រមាណ៧០០លានដុល្លារអាមេរិក ហើយបច្ចុប្បន្នមានបុគ្គលិកចំនួន២.០០០នាក់។
កាស៊ីណូនេះត្រូវបានចាត់ទុកជា “ចំណុចទាក់ទាញដ៏សំខាន់” សម្រាប់វិស័យទេសចរណ៍ ក្នុងប្រទេសនេះ ដែលនឹងទាក់ទាញភ្ញៀវទេសចរអ្នកមាន ដែលមកពីប្រទេសអ៊ីស្រាអែល អាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ាជាដើម៕ AFP៕