ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់ប្រទេសថៃ Thai Airways គ្រោងបង្កើនជើងហោះហើរទៅកាន់ប្រទេសឥណ្ឌា

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុត របស់ប្រទេសថៃ Thai Airways International បានដាក់ចេញនូវផែនការពង្រីកចំនួនយន្តហោះរបស់ខ្លួន បន្ទាប់ពីស្វែងរកការការពារការក្ស័យធន នៅឆ្នាំ២០២០ ដោយសារតែការគ្រប់គ្រងគ្មានប្រសិទ្ធភាព និងវិបត្តិជំងឺរាតត្បាត។

យោងតាមបទសម្ភាសន៍របស់កាសែត Nikkei ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនThai Airways International លោក Chai Eamsiri ដែលមានបទពិសោធន៍ជាង៤ទសវត្សរ៍ ក្នុងវិស័យអាកាសចរណ៍ បានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុនរបស់លោក ត្រូវតែរីកចម្រើនជាបន្ទាន់។ លោក​បាន​បន្ត​ថា​ “យើង​ត្រូវ​តែ​រីក​ចម្រើន បើ​មិន​ដូច្នេះ​ទេ យើង​នឹង​មិន​អាច​ប្រកួត​ប្រជែង​ ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ផ្សេង​ៗទៀត​បាន​ទេ”។ក្រុមហ៊ុនអាកាសចរណ៍នេះ គ្រោងនឹងបង្កើនចំនួនយន្តហោះរបស់ខ្លួនទ្វេរដង បន្ទាប់ពីបានធ្លាក់ចុះដល់៦៥យន្តហោះ ក្រោមផែនការរៀបចំរចនាសម្ព័ន្ធពីមុនរបស់ខ្លួន ខណៈដែលក្រុមហ៊ុនឈានចូលដល់ដំណាក់កាលថ្មីមួយនៃការពង្រីកខ្លួន។លោកបានបន្តថា “យើងធ្វើការបានយ៉ាងល្អប្រសើរ លើជើងហោះហើរឆ្លងទ្វីប ដូចជាអឺរ៉ុប និងអូស្ត្រាលី ប៉ុន្តែយើងត្រូវកែលម្អផ្លូវភាគខាងលិច ដែលលោកចង់សំដៅទៅលើប្រទេសឥណ្ឌា បង់ក្លាដែស និងប៉ាគីស្ថាន”។

លោកបានសង្កត់ធ្ងន់ទៀតថា លោកដាក់ការផ្តោតអារម្មណ៍ទៅលើការវាយលុកចូលទីផ្សារឥណ្ឌា ចាប់តាំងពីឥណ្ឌាក្លាយជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេបំផុតមួយ ក្នុងពិភពលោក និងមានទំនាក់ទំនងវប្បធម៌ រួមទាំងសេដ្ឋកិច្ចយ៉ាងរឹងមាំជាមួយប្រទេសថៃ។

ដើម្បីវាយលុកចូលទៅក្នុងទីផ្សារឥណ្ឌាថ្មី លោក Chai គ្រោងនឹងពង្រីកចំនួនយន្តហោះ របស់ក្រុមហ៊ុន Thai Airways រហូតដល់១១៣គ្រឿងនៅឆ្នាំ២០២៧ខាងមុខនេះ។ទោះជាយ៉ាងណាក្តី ការតភ្ជាប់ទៅកាន់ទីក្រុងតូចៗរបស់ឥណ្ឌានឹងត្រូវបានសម្របសម្រួលដោយយន្តហោះ “តួតូចចង្អៀត” ដែលអាចផ្ទុកអ្នកដំណើរតិចជាងមុន ប៉ុន្តែវានឹងមានប្រសិទ្ធភាពជាងសម្រាប់ជើងហោះហើរចម្ងាយខ្លី៕

LEAVE A REPLY

Please enter your comment!
Please enter your name here