ក្រសួងសេដ្ឋកិច្ចៈគំរោងសំណង់១០២៣គម្រោងត្រូវបានអនុម័តក្រោមទុនជិត១៣០០លានដុល្លារ

0

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ  ការដ្ឋានសំណង់ចំនួន១០២៣គម្រោង នៅទូទាំងប្រ​​ទេសត្រូវបានអនុម័តឱ្យសាងសង់ ក្រោមទុនវិនិយោគសរុប១ ២៨៤,៥លានដុល្លារអាម៉េរិក។

យោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួនសំណង់ទាំងនេះ គឺស្ថិតនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២​ មានការកើនឡើងដល់២២គម្រោង។

ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់អគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ក្នុងចំណោមសំណង់ ដែលកំពុងសាងសង់ទាំង១០២៣គម្រោងនេះ គឺមាន៨៩៦គម្រោង ជាប្រភេទសំណង់លំនៅឋាននិងភូមិគ្រឹះ ខណៈសំណង់ពាណិជ្ជកម្មមាន៦១គម្រោង។ ក្រៅពីនេះ មានគំរោងសំណង់ឧស្សាហកម្មមាន៤០គម្រោង, សំណង់សាធារណៈមាន១៥គម្រោង និងសំណង់ទេសចរណ៍មាន១១គម្រោង។ការសាងសង់សំណង់ទាំងនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ សុទ្ធតែមានកំណើ​នចន្លោះពី៣៦,៤ភាគរយ ដល់៧៤,៣ភាគរយ ផ្ទុយពីសំណង់លំនៅឋាននិងភូមិគ្រឹះ បែរជាធ្លាក់ក្នុងអត្រា២,៧ភាគរយទៅវិញ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។ ​

ដ្បិតការសាងសង់នៅតាមផ្នែកនីមួយៗ មានកំណើនគួរឱ្យកត់សម្គាល់ក៏ពិតមែន​ ប៉ុន្តែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្យាករថា អនុវិស័យសំណង់នេះ អាចសម្រេចបានអត្រាកំណើនទាប ​​​ត្រឹម០,៦ភាគរយប៉ុណ្ណោះ​ប្រចាំឆ្នាំ២០២៣ ​និង២,៤ភាគរយ ក្នុងឆ្នាំ២០២៤។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា កំណើនទាបនៃវិស័យនេះ ដោ​យសារការងើបឡើងយឺត នៃលំហូរវិនិយោគទុនពីបរទេស ជាពិសេ​សសម្រាប់សំណង់ថ្លៃខ្ពស់ រួមមាន ខុនដូ និងសំណង់បម្រើឱ្យវិស័យពាណិជ្ជកម្ម ទេសចរណ៍ ខណៈការវិនិយោគក្នុងស្រុក នឹងនៅបន្តមានកំណើន ជាពិសេសសម្រាប់លំនៅឋានមានតម្លៃទាប ​ដោយអត្រានៃការរៀបចំគ្រួសារ និងតម្រូវការលំនៅឋាន នៅតែកើនឡើង។

ជាពិសេស សកម្មភាពសំណង់ បម្រើឱ្យវិស័យឧស្សាហកម្ម និងសេវាកម្ម មួយចំនួន ដូចជា រោងចក្រផលិតកម្ម និងអគារផ្សារទំនើប ជាដើម នឹងក្លាយជានិន្នាការថ្មី ក្នុងបរិបទក្រោយវិបត្តិកូវីដ-១៩​ ដែលនឹងចូលរួមទ្រទ្រង់ ការអភិវឌ្ឍអនុវិស័យសំណង់នេះផងដែរ។

ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈឆ្នំា២០២៤ របស់ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា រដ្ឋាភិបាល​នឹងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់ លើការវិវត្តនៃអនុវិស័យនេះ ដើម្បីដាក់ចេញគោលនយោបាយ អន្តរាគមន៍ឱ្យបានទាន់ពេល សំដៅ​បញ្ចៀសហានិភ័យ​ ដែលអាចកើតមានជាយថាហេតុ ដោយទំនាក់ទំនងខ្លាំងរវាងអនុវិស័យនេះ ជាមួយវិស័យហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here