ដោយ: គង់ លាងហួរ
តូក្យូ: យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា តម្លៃដីជាមធ្យមនៅក្នុងប្រទេសជប៉ុនបានកើនឡើង១,៥% នៅក្នុងឆ្នាំ២០២៣នេះ បើធៀបនឹងឆ្នាំមុន ដែលនេះជាសញ្ញាបង្ហាញថា សេដ្ឋកិច្ចជប៉ុនកំពុងងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។
យោងតាមទិន្នន័យគិតត្រឹមថ្ងៃទី១ ខែមករាបានឱ្យដឹងថា ការងើបឡើងវិញនៃតម្លៃដីធ្លីសម្រាប់តំបន់ពាណិជ្ជកម្មបាននាំមុខគេលើនិន្នាការទាំងមូល បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការកូវីដ រួមទាំងការគ្រប់គ្រងអន្តោប្រវេសន៍ ដែលជំរុញឱ្យមានក្តីសង្ឃឹមថា អាជីវកម្មនឹងកម្រើកឡើងវិញ ដោយសារមានតម្រូវការពីភ្ញៀវទេសចរបរទេស។នៅក្នុងចំណោមខេត្តទាំង៤៧ របស់ប្រទេសជប៉ុន ក្នុងនោះរួមមានខេត្តចំនួន២៥ រួមទាំងទីក្រុងតូក្យូ និងអូសាកា ដែលបានសង្កេតឃើញ តម្លៃដីជាមធ្យមហក់ឡើងខ្ពស់ជាងមុន។យោងតាមទិន្នន័យរបស់ទីភ្នាក់ងារពន្ធដារជាតិបានបង្ហាញថា បើប្រៀបធៀបទៅនឹងកម្រិតមុនជំងឺរាតត្បាត តម្លៃដីបានកើនឡើងនៅក្នុងខេត្តចំនួន២១ តែប៉ុណ្ណោះ កាលពីឆ្នាំ២០២០។
ខេត្តហុកកៃដូ បានឈរនៅលើកំពូលតារាងនៅឆ្នាំនេះ ដោយតម្លៃដីបានកើនឡើង៦,៨% ដែលជាសញ្ញាបង្ហាញពីកំណើនតម្រូវការលំនៅដ្ឋាន និងទីតាំងពាណិជ្ជកម្មនៅក្នុង និងជុំវិញរដ្ឋធានី Sapporo របស់ខេត្តនេះ។
ខេត្ត Fukuoka ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងតម្លៃដីកើនឡើង៤,៥% បន្ទាប់មកគឺតម្លៃដីនៅខេត្ត Miyagi បានកើន៤,៤% ។ ចំណែក តម្លៃដីក្នុងទីក្រុងតូក្យូ និងអូសាកាបានសង្កេតឃើញការកើនឡើង៣,២% និង១,៤%រៀងៗគ្នា។
លោក Osamu Nagashima ប្រធានក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Sakurajimusyo បានអះអាងថា តម្លៃដីបានកើនឡើង រួមជាមួយការកើនឡើងនៃតម្លៃខុនដូ និងតម្លៃអចលនទ្រព្យផ្សេងទៀត ខណៈមនុស្សកាន់តែច្រើនកំពុងធ្វើការពីផ្ទះ បន្ទាប់ពីជំងឺរាតត្បាត និងស្វែងរកការផ្លាស់ប្តូរទីតាំង៕