ដោយៈ ជេស៊ីកា
កោះកុងៈ ជាមួយទស្សនទាននៃការអភិវឌ្ឍថ្មី និងមានគោលដៅលើកកំពស់សក្តានុពលវិស័យទេសចរណ៍ សេដ្ឋកិច្ច សង្គមនៅខេត្តកោះកុង ក្រុមហ៊ុនធំមួយកំពុងបោះទុនវិនិយោគ គំរោងបែបលំហែរធំមួយនៅក្នុងខេត្ត ដែលពោរពេញដោយធនធានធម្មជាតិ យ៉ាងសម្បូរបែបមួយនេះ។
អ្នកអភិវឌ្ឍន៍បានដាក់ឈ្មោះគំរោងនេះថា ខេ-បាលី (K-Bali) នៅក្នុងទីក្រុងខេមរៈភូមិន្ទ ដោយសារខេត្តកោះកុង ជាខេត្តមួយក្នុងចំណោមខេត្តK4 នៃតំបន់ឆ្នេរកម្ពុជា និងរៀបចំច្របាច់បញ្ចូលគ្នារវាងវប្បធ៌មបែបសហសម័យរបស់កម្ពុជា និងនិន្នាការរួមនៃការអភិវឌ្ឍនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។លោកឈឹង ឆាយស៊ុនសហស្ថាបនិកគំរោង K- Bali នៃក្រុមហ៊ុនLUMHAE LAND បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា កោះកុង ជាខេត្តមួយពោរពេញ ដោយសក្តានុពលទេសចរណ៍ ពិសេសទេសចរណ៍ធម្មជាតិ បានធ្វើឲ្យខេត្តនេះ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាកើនឡើងជាប្រចាំ ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល តាមរយៈការលើកកំពស់គុណភាពផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០បាន និងកំពុងលើកកំពស់សក្តានុពលខេត្តនេះ ឲ្យកាន់តែរីកចម្រើនមួយកម្រិតទៀត នាពេលអនាគត។
លោកបន្តថា “ការដាក់ដំណើរការព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅនៅតំបន់តារាសាគរ ខេត្តកោះកុងនឹងធ្វើឲ្យខេត្តនេះ ទាក់ទាញបានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងអ្នកវិនិយោគកាន់តែច្រើននៅពេលខាងមុខនេះ”។ លោកបន្តថា “ខេត្តកោះកុងលែងឆ្ងាយ និងត្រូវធ្វើដំណើរជិះទូកកាត់ផ្ទៃសមុទ្រ ប្រកបដោយគ្រោះថ្នាក់ដូចមុនហើយ ប៉ុន្តែខេត្តនេះកំពុងស្ថិតក្នុងក្រសែភ្នែក របស់វិនិយោគិនជាតិ និងអន្តរជាតិ”។
ខេត្តជាប់មាត់សមុទ្រមួយនេះ ក៏មានព្រំប្រទល់ជាប់ប្រទេសថៃ ដែលផ្តល់ភាពអំណោយផល ដល់លំហូរពាណិជ្ជកម្ម លំហូរភ្ញៀវទេសចរណ៍ និងការពិនិត្យសុខភាពរបស់ប្រជាពលរដ្ឋ ដោយមន្ទីរពេទ្យធំៗនៅទីក្រុងបាងកក ក៏បានបើកសាខានៅខេត្តត្រាត និងខេត្តឈុនបុរី ប្រទេសថៃ ដែលធ្វើឲ្យប្រជាពលរដ្ឋចំណាយប្រាក់តិច និងមិនចាំបាច់ចំណាយប្រាក់ច្រើនផងដែរ។
ទោះជាយ៉ាងណា ការរីកចម្រើននេះ មិនទាន់បំពេញបាននូវតម្រូវការសេវាកម្មបដិសណ្ឋារកិច្ច លំដាប់ប្រណីតសម្រាប់ប្រជាជនមានជីវភាពធូរធារ និងអ្នកទេសចរណ៍ចំណាយប្រាក់ច្រើននៅឡើយទេ។ ហេតុនេះទើបក្រុមហ៊ុនរបស់លោក បានសម្រេចចិត្តវិនិយោគគំរោងនេះឡើង ដោយជំហ៊ានដំបូងយើងបាន និងកំពុងវិនិយោគលើផ្ទៃដី៨ហិកតា ក្នុងចំណោមផ្ទៃដីទំហំ២១ហិកតារបស់យើង។
លោកឈឹង ឆាយស៊ុនបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនបាននិងកំពុងផ្តល់ឱកាសជូន អ្នកវិនិយោគជាតិ អន្តរជាតិអាចចូលរួមវិនិយោគលើគំរោងនេះ ដើម្បីជាការរួមកំលាំងគ្នា ក្នុងការលើកកំពស់វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច នៅខេត្តកោះកុង ឲ្យមានស្តង់ដាអន្តរជាតិ ខណៈសេវាកម្មបដិសណ្ឋារកិច្ចនៅក្នុងខេត្តនេះ ស្ថិតនៅមានកម្រិតនៅឡើយ។
K-Bali ស្ថិតនៅទីតាំងនៃបេះដូង ក្រុងខេមរភូមិន្ទ ដ៏ពិសេសបំផុត ដោយគំរោងនេះមានសមុទ្រព័ទ្ឋជុំវិញ មានឆ្នេរខ្សាច់សក្បុរ ដែលមានភាពអំណោយផលបំផុត សម្រាប់ការសាងសង់ផ្ទះលំហែរ ការសំរាកកំសាន្ត ទស្សនានូវទស្សនីយភាពដ៏ស្រស់ត្រកាល ជាមួយនឹងអារម្មណ៍មនោរម្យបំផុត។
លោកឈឹង ឆាយស៊ុនបានបន្តថា “និស្ស័យ និងក្តីស្រលាញ់បានធ្វើឲ្យលោកចាប់ចិត្ត និងសម្រេចចិត្តបោះទុនវិនិយោគ នៅក្នុងខេត្តនេះ ដើម្បីរួមចំណែកលើកកំពស់សេវាកម្មបដិសណ្ឋារកិច្ច ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៅទស្សនាកាន់តែច្រើន”។ លោកបន្តថា “ការមានទីតាំងមួយ ដែលផ្តល់នូវផាសុខភាព ប្រណីតភាព នឹងរួមចំណែកលើកកំពស់សក្តានុពល និងសេដ្ឋកិច្ចខេត្តនេះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត”។ធនធានធម្មជាតិ ខេត្តកោះកុង ពិតជាមានតម្លៃមហាសាល និងត្រូវបានសារព៌តមានរបស់ប្រទេសថៃចុះផ្សាយ និងបានលើកសរសើរ ពីសក្តានុពលរបស់ខេត្តផងដែរ។
ជាមួយគ្នានេះ លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ខេត្តកោះកុង មានធនធានធម្មជាតិដ៏មហាសាល ដែលយើងមិនទាន់ទាញ យកមកប្រើប្រាស់អស់សក្តានុពលនៅឡើយទេ។ លោកស្រីបន្តថា ធនធានធម្មជាតិរបស់ខេត្ត មានភាពអំណោយផលបំផុត ដល់ការអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍បែបកែច្នៃ ដែលក្រុមហ៊ុននានា គួរសម្លឹងទៅកាន់ខេត្តនេះ ដើម្បីទាញយកធនធានធម្មជាតិ មកប្រើប្រាស់ឲ្យអស់សក្តានុពល។ លោកស្រីបន្តថា “ធនធានធម្មជាតិ ខេត្តកោះកុង មានច្រើនណាស់ និងបង្កប់នូវអាថ៌កំបាំង ដែលធ្វើឲ្យអ្នកមានទៅទស្សនា និងសំរាកលំហែរនៅខេត្តនេះ មានអារម្មណ៍ស្រស់ស្រាយ ដិតជាប់អារម្មណ៍ និងមានអារម្មណ៍មិនចង់ត្រលប់មកវិញ”៕