ប្រទេសសិង្ហបុរីជៀសផុតហានិភ័យពីវិបត្តិសេដ្ឋកិច្ចនៅក្នុង ឆមាសទី១

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: សេដ្ឋកិច្ចរបស់សិង្ហបុរី បានកើនឡើង០,៧ភាគរយ នៅក្នុងត្រីមាសទីពីរ ឆ្នាំ២០២៣ លឿនជាងកំណើន០,៤ភាគរយនៅក្នុងត្រីមាសទី១។ នេះបើយោងតាមការប៉ាន់ស្មានជាមុន ដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI)។

ការប៉ាន់ប្រមាណអំពីផលិតផល ក្នុងស្រុកសរុបសម្រាប់ត្រីមាសទីពីរ ត្រូវបានគណនាភាគច្រើនពីទិន្នន័យ នៅក្នុងរយៈពេលពីរខែដំបូងនៃត្រីមាស ចាប់ពីទិន្នន័យក្នុងខែមេសា និងឧសភា។

ផ្អែកលើមូលដ្ឋាន ដែលបានកែតម្រូវតាមរដូវកាល ពីមួយត្រីមាសទៅមួយត្រីមាស សេដ្ឋកិច្ចសិង្ហបុរីបានកើនឡើង០,៣ភាគរយ។ នេះគឺជាការផ្លាស់ប្តូរជាវិជ្ជមានមួយ ពីការធ្លាក់ចុះ០,៤ភាគរយ នៅក្នុងត្រីមាសទីមួយ ដោយជៀសផុតហានិភ័យ នៃវិបត្តិសេដ្ឋកិច្ច។វិស័យផលិតកម្ម បានធ្លាក់ចុះ៧,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទីពីរ បើធៀបនឹងការធ្លាក់ចុះ៥,៣ភាគរយ នៅក្នុងត្រីមាសទីមួយ។ប៉ុន្តែ ផ្អែកលើមូលដ្ឋាន ដែលបានកែសម្រួលពីមួយត្រីមាសទៅមួយត្រីមាស វិស័យផលិតកម្ម បានធ្លាក់ចុះក្នុងល្បឿនត្រឹមតែ១,៣ភាគរយ នៅត្រីមាសទី២ បើធៀបទៅនឹងការធ្លាក់ចុះ៤,៥ភាគរយ នៅក្នុងត្រីមាសទី១។

វិស័យសំណង់បានកើនឡើង៦,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទីពីរ។ប៉ុន្តែផ្នែកលើមូលដ្ឋាន ពីមួយត្រីមាសទៅមួយត្រីមាស វិស័យនេះ បានកើនឡើង២,៦ភាគរយ នៅក្នុងត្រីមាសទី២ ធៀបនឹងកំណើន០,៣ភាគរយនៅក្នុងត្រីមាសទី១។

ក្នុងចំណោមវិស័យសេវាកម្ម ពាណិជ្ជកម្មលក់ដុំ និងលក់រាយ ក៏ដូចជាវិស័យដឹកជញ្ជូន និងការផ្ទុកបានកើនឡើង ជាសមូហភាពចំនួន២,៦%ពីមួយឆ្នាំ ទៅមួយឆ្នាំនៅក្នុងត្រីមាសទីពីរ ដែលផ្លាស់ប្តូរពីការធ្លាក់ចុះ០,៧ភាគរយនៅក្នុងត្រីមាសទី១៕

LEAVE A REPLY

Please enter your comment!
Please enter your name here