កម្ពុជាកំពុងសិក្សាផ្លូវរថភ្លើងថ្មី១ខ្សែ ឆ្លងកាត់ខេត្តក្រុងចំនួន៦ តភ្ជាប់ជាមួយប្រទេសវៀតណាម

0

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន​បានឱ្យដឹងថា ក្រសួងកំពុងសិក្សាផ្លូវរថភ្លើងថ្មី១ខ្សែ ឆ្លងកាត់ខេត្តក្រុងចំនួន៦ ដើម្បីតភ្ជាប់ជាមួយប្រទេសវៀតណាម ក្នុងការបម្រើឱ្យវិស័យដឹកជញ្ជូន ឲ្យកាន់តែសម្បូរបែប និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៣ កក្កដា លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា បច្ចុ​ប្បន្ននេះ ក្រសួងកំពុងសិក្សាគម្រោងផ្លូវរថភ្លើងថ្មីមួយខ្សែ ដែលតភ្ជាប់ពីក្រុងប៉ោយបែត ទៅដល់ក្រុងបាវិត ដោយតភ្ជាប់ជាមួយគម្រោងផ្លូវដែករបស់ វៀតណាម ខណៈគម្រោងនេះឆ្លងកាត់ខេត្ដ -ក្រុងសំខាន់ៗចំនួន៦រួមមាន ក្រុងប៉ោយប៉ែត ខេត្ដសៀមរាប ខេត្ដកំពង់ធំ ខេត្ដកំពង់ឆ្នាំង រាជធានីភ្នំពេញ និងក្រុងបាវិត ផងដែរ។

លោកបន្តថា គម្រោងផ្លូវរថភ្លើងថ្មីមួយខ្សែ ដែលតភ្ជាប់ពីក្រុង ប៉ោយបែត ទៅដល់ក្រុងបាវិតនេះ និងត្រូវតភ្ជាប់ជាមួយគម្រោងរបស់ប្រទេសវៀតណាម ពីទីក្រុងហូជីមិញ មកបាវិត ម៉ុកបាយ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច សង្គម កម្ពុជាឱ្យកាន់តែរីកចម្រើន បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវ​ភាពប្រជាជន។

ផ្លូវដែក ដែលមានស្រាប់ ក្នុងប្រទេសកម្ពុជាមាន២ខ្សែ ដោយខ្សែទី១-ភ្នំពេញ ទៅ ប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃមានប្រវែង៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤​២ និងខ្សែទី២- ពីភ្នំពេញ ទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត មានចម្ងាយចំនួន២៦៦ គីឡូម៉ែត្រ ត្រូវបានសាងសង់ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩។

ក្រោយឆ្នាំ១៩៧០ ផ្លូវដែកទាំងពីរខ្សែនេះ មានសភាពចាស់ទ្រុឌទ្រោម និងត្រូវបានបំផ្លាញដោយ សង្គ្រាមរ៉ាំរ៉ៃ ពិសេសក្រុមខ្មែរក្រហម បានពួនស្ទាក់បាញ់កម្ទេចជាញឹកញាប់ កាលពីមុនឆ្នាំ១៩៩៧។

មុនឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងសម្ប​ទានជាមួយក្រុមហ៊ុនToll Holding របស់ប្រទេសអូស្ត្រាលី សម្រា​ប់ការធ្វើអាជីវកម្មលើផ្លូវដែក។ មានន័យថា ក្រុមហ៊ុនអូស្ត្រាលីនេះ មានភារកិច្ចធ្វើអាជីវកម្មលើផ្លូវដែក និងជួសជុលថែទាំ ក្នុងរយៈពេល ៣០ឆ្នាំ។ ក្រោយមក ក្រុមហ៊ុនវិនិយោគលើផ្លូវរថភ្លើងនេះ បានប្តូរមកជាក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ កម្ពុជា (RRC) របស់អ្នកឧកញ៉ា គិត ម៉េង រហូតដល់សព្វថ្ងៃ។

ការស្តារផ្លូវដែកនៅកម្ពុជាឡើងវិញនោះ ដើម្បីភ្ជាប់ជាមួយផ្លូវដែកប្រទេសថៃ និងបន្តទៅកាន់ ប្រទេស វៀតណាម នៅក្នុងគម្រោងផ្លូវដែកអាស៊ាន។ នោះគឺគម្រោងផ្លូវដែកសិង្ហបុរី-គុនមិញ ( SKRL ) ដែលត្រូវឆ្លងកាត់ពីប្រទេសសិង្ហបូរី ម៉ាឡេស៊ី ថៃ កម្ពុជា វៀតណាម និងគុនមិញ ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here